កំពង់ធំ៖ យុវជន និងសិស្សទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ ត្រូវបានលើកទឹកចិត្តឱ្យស្វែងយល់ពីជម្រើសសិក្សា ជំនាញវិជ្ជាជីវៈ និងឱកាសការងារ ព្រមទាំងកំណត់គោលដៅជីវិតឱ្យបានច្បាស់លាស់ ដើម្បីអាចរៀបចំផែនការសម្រាប់អនាគតបានសមស្រប។

ការលើកឡើងនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ឱកាសការងារ និងគោលដៅជីវិត» ដែលរៀបចំឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំ ស្ថិតនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងផ្តល់ចំណេះដឹង ការណែនាំ និងការលើកទឹកចិត្តដល់យុវជន ជាពិសេសសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ និងអ្នកដែលមិនទាន់កំណត់គោលដៅជីវិតបានច្បាស់លាស់ ឱ្យយល់ដឹងកាន់តែច្បាស់អំពីជម្រើសនៃការសិក្សា ជំនាញវិជ្ជាជីវៈ និងឱកាសការងារ។

ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការចូលរួមក្នុងកម្មវិធីបែបនេះ យុវជនអាចទទួលបានព័ត៌មានស្តីពីការងារ ការរៀបចំគោលដៅជីវិត វិញ្ញាបនបត្របញ្ជាក់ការសិក្សា ព្រមទាំងឱកាសស្វែងរកការងារ និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ជាពិសេស យុវជនក៏មានឱកាសទទួលបានអាហារូបករណ៍ ១០០ភាគរយ ពីវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំ ព្រមទាំងឱកាសផ្សេងៗពាក់ព័ន្ធនឹងការសិក្សា និងការងារ។

ជាមួយគ្នានេះ លោក ឃាត់ វុទ្ធី នាយកវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំ បានពន្យល់អំពីចក្ខុវិស័យ បេសកកម្ម និងគោលដៅរបស់វិទ្យាស្ថាន ក្នុងការចូលរួមផ្តល់ការអប់រំ និងបណ្តុះបណ្តាលជំនាញដល់យុវជន ឱ្យស្របតាមតម្រូវការនៃការសិក្សាបន្ត និងទីផ្សារការងារ។

លោកបានចាត់ទុកសិក្ខាសាលានេះថា ជាឱកាសសម្រាប់សិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ និងយុវជនដែលមិនទាន់មានគោលដៅច្បាស់លាស់ ទទួលបានព័ត៌មាន និងការណែនាំ ដើម្បីជួយឱ្យពួកគេធ្វើការសម្រេចចិត្តកាន់តែច្បាស់លាស់លើការសិក្សា និងអាជីពនាពេលអនាគត។

ការរៀបចំសិក្ខាសាលានេះ ត្រូវបានរំពឹងថា នឹងចូលរួមពង្រឹងការយល់ដឹងរបស់យុវជនអំពីសារៈសំខាន់នៃការកំណត់គោលដៅជីវិត ការអភិវឌ្ឍសមត្ថភាព និងការត្រៀមខ្លួនសម្រាប់ឱកាសការងារនាពេលខាងមុខ៕

អត្ថបទ៖ ឈិត សំបូរ

Share.