កំពត៖ ប្រជាពលរដ្ឋចំនួន ២០៩គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ មកពីស្រុកចំនួន៣ ក្នុងខេត្តកំពត បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដើម្បីចូលរួមសម្រាលការលំបាក និងជួយស្តារជីវភាពរស់នៅឡើងវិញ។

ការចុះសួរសុខទុក្ខ និងចែកអំណោយនេះ បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ដោយលោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា រួមជាមួយសមាជិក សមាជិកា មន្ត្រីសាខា មន្ត្រីអនុសាខា និងអាជ្ញាធរមូលដ្ឋាន។
ប្រជាពលរដ្ឋដែលទទួលបានអំណោយ រួមមានមកពីស្រុកអង្គជ័យចំនួន ២០គ្រួសារ ស្រុកបន្ទាយមាសចំនួន ១៤៣គ្រួសារ និងស្រុកកំពង់ត្រាចចំនួន ៤៦គ្រួសារ។




ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ បានសម្តែងការសោកស្តាយចំពោះការខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដោយសារគ្រោះធម្មជាតិ ព្រមទាំងនាំនូវការសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះទាំងអស់។
លោកស្រីក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តវិធានការសុខភាព ដោយកាត់បន្ថយការប្រើប្រាស់អំបិល ស្ករ និងខ្លាញ់ ព្រមទាំងហាត់ប្រាណជាប្រចាំ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងរដូវភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ថែរក្សាកុមារតូចៗ មិនឱ្យចេញក្រៅផ្ទះនៅពេលអាកាសធាតុមិនអំណោយផល កម្ចាត់ទីតាំងទឹកដក់ ដេកក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមថែរក្សាបរិស្ថាន។


អំណោយដែលផ្តល់ជូនក្នុងនោះ គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ កៅស៊ូតង់ ១ដុំ និងថវិកា ២០ម៉ឺនរៀល។ ចំណែកគ្រួសាររងគ្រោះកម្រិតមធ្យម និងស្រាលចំនួន ២០៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ និងថវិកាមួយចំនួន។ ក្រៅពីនេះ ក្រុមការងារក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃចំនួន ២វត្តផងដែរ ដើម្បីចូលរួមគាំទ្រដល់ព្រះពុទ្ធសាសនា និងសកម្មភាពមនុស្សធម៌នៅក្នុងមូលដ្ឋាន៕
