ពោធិ៍សាត់៖ បន្ទាប់ពីបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ សិស្សានុសិស្សនៅទូទាំងខេត្តពោធិ៍សាត់ បានចេញដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនកិច្ចសិក្សា និងស្វែងយល់ដោយផ្ទាល់ពីអរិយធម៌ វប្បធម៌ និងមរតកប្រវត្តិសាស្ត្រខ្មែរ នៅតំបន់អង្គរ។ ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ បានផ្តល់ឱកាសឱ្យសិស្សានុសិស្សចុះសិក្សាផ្ទាល់នៅប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនានា ដើម្បីស្វែងយល់ពីស្នាដៃស្ថាបត្យកម្ម ក្បាច់ចម្លាក់ និងរឿងរ៉ាវប្រវត្តិសាស្ត្រដែលបុព្វបុរសខ្មែរបានបន្សល់ទុក។

តាមការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមគាំទ្រពីរដ្ឋបាលខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡា។ ឯកឧត្តម ខូយ រីដា បានលើកឡើងថា ការនាំសិស្សដែលទើបបញ្ចប់ការប្រឡងថ្នាក់ទី១២ មកទស្សនកិច្ចនៅអង្គរ មិនមែនគ្រាន់តែជាការកម្សាន្តបន្ទាប់ពីប្រឡងចប់នោះទេ ប៉ុន្តែជាឱកាសឱ្យយុវជនបានស្គាល់ និងសិក្សាពីមរតកដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាក់ស្តែង។

តាមរយៈការឃើញប្រាសាទ និងក្បាច់ចម្លាក់ដោយផ្ទាល់ សិស្សានុសិស្សអាចឈ្វេងយល់កាន់តែច្បាស់ពីទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និងវប្បធម៌ខ្មែរ ដែលមានប្រវត្តិសាស្ត្រយូរលង់ និងមានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ។ ឯកឧត្តមអភិបាលខេត្តក៏បានចាត់ទុកប្រាសាទអង្គរវត្តថា ជាមរតកដ៏មានតម្លៃដែលបុព្វបុរសខ្មែរបានបន្សល់ទុក មិនត្រឹមសម្រាប់កូនខ្មែរជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែជាសម្បត្តិវប្បធម៌ដ៏មានសារៈសំខាន់សម្រាប់មនុស្សជាតិផងដែរ ។

លោកបានលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យយកបទពិសោធន៍ពីដំណើរទស្សនកិច្ចនេះទៅជាចំណេះដឹង និងបន្តខិតខំសិក្សារៀនសូត្រ ដើម្បីពង្រឹងសមត្ថភាព និងត្រៀមខ្លួនចូលរួមអភិវឌ្ឍសង្គម និងប្រទេសជាតិនាពេលអនាគត។

សូមបញ្ជាក់ថា កម្មវិធីទស្សនកិច្ចសិក្សាសម្រាប់សិស្សដែលបញ្ចប់ថ្នាក់ទី១២ នៅខេត្តពោធិ៍សាត់ ទៅកាន់តំបន់អង្គរ ខេត្តសៀមរាប ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដោយមានការឧបត្ថម្ភពីឯកឧត្តម កែវ រតនៈ និងការគាំទ្របន្ថែមពីរដ្ឋបាលខេត្តពោធិ៍សាត់៕

អត្ថបទ៖ ពោធិ៍សាត់

Share.