យោងតាមការផ្សាយរបស់ laotiantimes នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ នេះឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកជាបន្តបន្ទាប់ដោយអាជ្ញាធរឡាវនាពេលថ្មីៗនេះ បានទម្លាយឱ្យឃើញនូវការចាប់ខ្លួន និងបណ្តេញចេញនូវជនជាតិថៃរាប់រយនាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងធ្ងន់ធ្ងរ ត្រឡប់ទៅឱ្យអាជ្ញាធរក្រុងបាងកកវិញ។

ផ្អែកលើរបាយការណ៍ជាផ្លូវការរបស់អាជ្ញាធរឡាវ ប្រតិបត្តិការក្តៅគគុកចុងក្រោយបានបង្ក្រាប និងឈានទៅដល់ការប្រគល់ជនជាតិថៃរហូតដល់ ៣៣២ នាក់ ក្នុងចំណោមជនសង្ស័យថៃសរុប ៣៧៣ នាក់ដែលត្រូវចាប់ខ្លួនក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកាស៊ីណូ ST Vegas។ ដំណើរការបណ្តេញចេញ និងប្រគល់ខ្លួនជនជាតិថៃទាំងនេះ ត្រូវបានធ្វើឡើងជាជំហានៗឆ្លងកាត់ស្ពានមិត្តភាពឡាវ-ថៃ ទី៤ និងច្រកទ្វារព្រំដែននានា ដោយគិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នេះ ដោយអាជ្ញាធរឡាវបានបញ្ជូនពួកគេភាគច្រើនត្រឡប់ទៅវិញ ខណៈដែលជនសង្ស័យថៃចំនួន ៤១ នាក់ផ្សេងទៀតកំពុងត្រូវបានឃុំខ្លួនដើម្បីបន្តការស៊ើបអង្កេតយ៉ាងល្អិតល្អន់។
បន្ថែមពីលើការបង្ក្រាបបណ្តាញឆបោកតាមអ៊ីនធឺណិតដ៏ធំដែលមានជនជាតិថៃជាតួអង្គសំខាន់ អាជ្ញាធរមានសមត្ថកិច្ចឡាវក៏បានបើកប្រតិបត្តិការបង្ក្រាបបណ្តាញជំនួញថ្នាំញៀនខុសច្បាប់ឆ្លងដែនមួយទៀតនៅក្នុងក្រុងកៃសន ភូមិវិហាន ខេត្តសវណ្ណខេត្ត កាលពីថ្ងៃទី១៨ ខែសីហា ដោយបានបំបែកបណ្តាញជួញដូរគ្រឿងញៀនដ៏ធំមួយ និងចាប់ខ្លួនមេក្លោងព្រមទាំងបក្សពួក។ ប្រតិបត្តិការនោះបានរឹបអូសបានថ្នាំញៀនប្រភេទអាមហ្វេតាមីន (Amphetamine) រាប់ម៉ឺនគ្រាប់ កញ្ចប់កាហ្វេលាយសារធាតុញៀន កាំភ្លើងខ្លី ព្រមទាំងប្រាក់សុទ្ធជាច្រើន។ អង្គហេតុនេះបានបង្ហាញយ៉ាងច្បាស់ថា ថ្នាំញៀន និងអាវុធខុសច្បាប់ទាំងនោះមានប្រភពដើមចេញពីទឹកដីថៃ ដែលត្រូវបានរត់ពន្ធឆ្លងដែនមកបង្កអស្ថិរភាពនៅក្នុងប្រទេសជិតខាង។
សូមជម្រាបថា ខណៈដែលភាគីថៃតែងតែព្យាយាមលើកឡើងនូវរូបភាពអវិជ្ជមាន និងទម្លាក់កំហុសមកលើប្រទេសជិតខាងពាក់ព័ន្ធនឹងបទល្មើសឆ្លងដែន ផ្ទុយទៅវិញដែនដីប្រទេសថៃខ្លួនឯងផ្ទាល់បាននិងកំពុងស្តែងឱ្យឃើញយ៉ាងច្បាស់ថា ជាប្រភពដើម និងជាជម្រកដ៏ធំនៃបណ្តាញឧក្រិដ្ឋជន រួមទាំងក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime Scammers) និងបណ្តាញរត់ពន្ធគ្រឿងញៀនឆ្លងដែន។
ប្រតិបត្តិការបង្ក្រាបរបស់ឡាវ ដែលបានឃាត់ខ្លួនឧក្រិដ្ឋជនជាង ៤,៤០០ នាក់ក្នុងឆមាសទី១ ឆ្នាំ២០២៦ និងជិត ២,០០ នាក់បន្ថែមទៀតក្នុងខែកក្កដា និងសីហា បានក្លាយជាភស្តុតាងរឹងមាំដែលឆ្លុះបញ្ចាំងថា បញ្ហាយ៉ាងធ្ងន់ធ្ងរនៃបទល្មើសឆ្លងដែន គឺកើតចេញពីកង្វះការគ្រប់គ្រង និងការបង្កើតបណ្តាញឧក្រិដ្ឋកម្មចេញពីខាងក្នុងប្រទេសថៃផ្ទាល់។ ការបដិសេធ ឬការទម្លាក់កំហុសទៅលើអ្នកដទៃមិនអាចលុបបាត់នូវអង្គហេតុពិតដែលថា ពលរដ្ឋថៃរាប់រយនាក់កំពុងដើរតួជាមេក្លោង និងជាប្រតិបត្តិករក្នុងបទល្មើសឆបោក និងរត់ពន្ធថ្នាំញៀនក្នុងតំបន់នោះឡើយ៕
