លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហមខេត្តសៀមរាប បានដឹកនាំប្រតិភូអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ ស្រ្តីជាមាតាទារក និងកុមារ ចំនួន ៥៥នាក់ ដែលមានជីវភាពខ្វះខាត ប្រឈមនឹងភាពងាយរងគ្រោះ នៅស្រុកអង្គរជុំ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកអង្គរជុំ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ លោកជំទាវ បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខា កាកបាទក្រហមខេត្តសៀមរាប ដែលតែតែងគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមាតា ទារក ដែលទើបសម្រាល ពិសេសមាតា ទារក ដែលមានជីវភាពខ្វះខាត ងាយប្រឈមនឹងបញ្ហាផ្សេងចំពោះសុខភាព។
ក្នុងឱកាសនេះដែរ លោកជំទាវ មានការចាប់អារម្មណ៍ និងកោតសរសើរ ជាខ្លាំង ចំពោះស្មារតីទទួលខុសត្រូវរបស់មាតាគ្រប់រូបក្នុងការចិញ្ចឹម និងថែទាំកូនតាំងពីទារក រហូតដល់ពេញវ័យ ដោយមិនមានពោលពាក្យនឿយហត់បន្តិចសោះឡើយ ដែលនេះបង្ហាញឱ្យ ឃើញពីព្រហ្មវិហារធម៌ របស់មាតារួមទាំងបិតាផងដែរ ចំពោះបុត្រធីតាគ្រប់រូប។ បន្ថែមលើសពីនោះដែរ លោកជំទាវ សំណូមពរ និងលើកទឹកចិត្តដល់ម្ដាយគ្រប់រូបបំប៉ៅកូនដោយទឹកដោះម្ដាយ និងត្រូវស្វែងរកការផ្តល់ប្រឹក្សាពីមន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែលបម្រើការនៅមណ្ឌលសុខភាពជិតផ្ទះរបស់យើងដូចជា ការបំបៅដោះកូន, ការតាមដានភាពលូតលាស់នៃទារក, ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។

ជាទីបញ្ចប់ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋស្ត្រីជាមាតា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលសូមប្រកបដោយសេចក្តី សុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ពេលវេលា។

គួរបញ្ជាក់ផងដែរថា អំណោយដែលបានផ្ដល់ជូន ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, សារុង១, មួកកូនង៉ែត១, កន្សែងសើម១ដុំ, កន្សែងពោះគោ២, ស្រោមដៃ ស្រោមជើង២ឈុត, អាវកូនង៉ែត២, សំឡីអនាម័យ១ដុំ, ម្សៅទឹកដោះគោ២កំប៉ុង, ដបទឹកដោះគោ២ដប, ខោទឹកនោម Kiddi Love ៧៨ខោ, ខោទឹកនោម Unidry ៣០ខោ និងថវិកាមួយចំនួន៕

