បន្ទាយមានជ័យ៖ ក្រុមក្មេងទំនើងចំនួន៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីជិះម៉ូតូដេញកាប់មន្ត្រីយោធាម្នាក់ ខណៈកំពុងចុះល្បាតនៅពេលយប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៩ និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ក្រុមជនសង្ស័យបានជិះម៉ូតូជាមួយគ្នា ហើយបានទាញកាំបិតខ្វែវកាប់ទៅលើមន្ត្រីយោធា ខណៈមន្ត្រីរូបនោះកំពុងបំពេញភារកិច្ចល្បាតនៅពេលយប់។ ទោះជាយ៉ាងណា ជនរងគ្រោះអាចគេចផុតពីការកាប់ប្រហារបាន។ ក្រោយទទួលបានព័ត៌មាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចុះប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់។

ជនសង្ស័យទាំង៧នាក់ រួមមាន សុខា សុខន អាយុ១៦ឆ្នាំ, សុទ្ធ គឹមសៀង អាយុ២០ឆ្នាំ, រួន រ៉ុង អាយុ២០ឆ្នាំ, តូ ស៊ីនាង ហៅ លីង អាយុ២២ឆ្នាំ, ហឿន រ៉ា អាយុ២២ឆ្នាំ, កួយ ធិង អាយុ២០ឆ្នាំ និង ឈឿត ឆេន ហៅ ម៉ាន់ អាយុ១៥ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតកាំបិតខ្វែវចំនួន១ដើម និងម៉ូតូចំនួន៣គ្រឿង។ ក្រៅពីនេះ សមត្ថកិច្ចក៏បានធ្វើតេស្តទឹកនោមរកសារធាតុញៀនលើក្រុមជនសង្ស័យ ហើយរកឃើញម្នាក់ គឺ ឈឿត ឆេន ហៅ ម៉ាន់ មានលទ្ធផលវិជ្ជមាន។ បន្ទាប់ពីឃាត់ខ្លួន និងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើកាំបិតខ្វែវកាប់ទៅលើមន្ត្រីយោធាដែលកំពុងបំពេញភារកិច្ចប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងដែលប្រមូលបាន កម្លាំងអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីនេះ ធ្វើឡើងក្រោមការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យទាំង៧នាក់ ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

Share.