កំពង់ចាម៖ ដោយមានការណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្តីពីការពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរដូវទឹកជំនន់ អាជ្ញាធរស្រុកកោះសូទិន បានដឹកនាំកម្លាំងចុះអន្តរាគមន៍បន្ទាន់ ក្រោយទឹកជំនន់ហូរកាត់ផ្លូវ បណ្តាលឱ្យផ្លូវបេតុងស្រុតនៅចំណុចលូ២។

នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក និងលោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះត្រួតពិនិត្យនៅបណ្តោយផ្លូវលេខ៧០បេ ត្រង់ចំណុចលូ២ ស្ថិតក្នុងភូមិទួលកំពត ឃុំពាមប្រធ្នោះ។ តាមការពិនិត្យជាក់ស្តែង ទឹកជំនន់ដែលហូរកាត់ផ្លូវបានធ្វើឱ្យផ្លូវបេតុងស្រុតចំកណ្តាលផ្លូវ មានទំហំខូចខាតប្រមាណ១ម៉ែត្រការ៉េ និងជម្រៅប្រមាណ១ម៉ែត្រ។

ក្រោយកើតហេតុ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍រថយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន និងចាត់ចែងកម្លាំងនគរបាលស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ រួមជាមួយប្រជាពលរដ្ឋ ច្រកខ្សាច់ដាក់បំពេញកន្លែងស្រុត និងទប់ទឹកហូរ ដើម្បីបង្ការការខូចខាតកាន់តែធ្ងន់ធ្ងរ។ ប្រតិបត្តិការអន្តរាគមន៍នេះ បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង៦ និង១៥នាទីល្ងាចថ្ងៃដដែល៕

Share.