សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ មិនមានគម្រោង ឬផែនការក្នុងការកាត់បន្ថយ និងបង្រួមចំនួនក្រសួង-ស្ថាប័ននោះទេ ហើយក៏មិនមានគម្រោងបង្កើត ឬពង្រីកបន្ថែមដែរ ដោយរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវជំហរ «ពង្រឹង មិនពង្រីក» ជាមួយនឹងការសម្រួចកំណែទម្រង់ផ្ទៃក្នុងជាអាទិភាព ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈឱ្យកាន់តែរលូន និងចំទិសដៅ។

ការថ្លែងបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ កំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្ថែមថា អភិក្រមកែទម្រង់របស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន មិនមែនស្ថិតលើសំនួរថា តើត្រូវមានក្រសួងតិច ឬច្រើននោះទេ ព្រោះប្រទេសនីមួយៗសុទ្ធតែមានកត្តានយោបាយ និងលក្ខណៈបច្ចេកទេសខុសៗគ្នា។ ប៉ុន្តែចំណុចសំខាន់ និងជាស្នូលនៃកំណែទម្រង់ គឺការពិនិត្យមើលថាតើក្រសួង-ស្ថាប័នដែលមានស្រាប់ទាំងនោះ បាននិងកំពុងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងចាស់ដៃហើយឬនៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងតាមរយៈការវិភាគមុខងារ ការលុបបំបាត់ការងារជាន់គ្នារវាងអង្គភាព និងការបែងចែកធនធានមនុស្សឱ្យត្រូវចំជំនាញ និងគោលដៅ ដើម្បើតម្រង់ទិសការងាររដ្ឋបាលសាធារណៈឱ្យឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ៕

Share.