នៅក្នុងរូបភាពនៃការព្យាយាមសម្ញែងសាច់ដុំយោធា និងការបង្កើតភាពតានតឹងនៅតាមបណ្តោយព្រំដែន រាជរដ្ឋាភិបាលថៃថ្មីៗនេះទើបតែបានសម្រេចអនុម័តកញ្ចប់ថវិកាយ៉ាងក្រាស់ក្រៃចំនួន ៤៣៣ លានបាត ឬប្រហែល ១៣ លានដុល្លារអាមេរិក ដើម្បីសាងសង់ជម្រកសុវត្ថិភាព លេណដ្ឋាន និងប៉មផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្តចំនួន ៧ ជាប់ព្រំដែនកម្ពុជា។

មិនតែប៉ុណ្ណោះ កាសែត Khaosod បានផ្សាយ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ នេះថា កងទ័ពជើងគោកថៃបានបន្តដាក់លិខិតផ្លូវការស្នើសុំទៅកាន់លោក អាដុល ប៊ុនថាំចារើន (Adul Boonthamcharoen) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដើម្បីទារកញ្ចប់ថវិកាបន្ថែមទៀតសម្រាប់ទិញគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ពីសហរដ្ឋអាមេរិក រួមមាន រថពាសដែកកង់កៅស៊ូ កាំភ្លើងធំ M777 និងប្រព័ន្ធកាំជ្រួចស៊េរីទំនើប HIMARS ព្រមទាំងស្នើបង្កើត «មជ្ឈមណ្ឌលសង្គ្រាមដ្រូន» និងបច្ចុប្បន្នកម្មប្រព័ន្ធស៊ើបការណ៍សម្ងាត់ផងដែរ។

ទោះជាយ៉ាងណា ការប្រញាប់ប្រញាល់ទិញអាវុធបន្ថែមចូលឃ្លាំង និងការបង្កើនសក្តានុពលយោធារបស់ថៃយ៉ាងគំហុកនាពេលនេះ ត្រូវគេមើលឃើញថា គឺជាល្បិចកលនយោបាយដើម្បីបង្វែរដានពីវិបត្តិផ្ទៃក្នុងដ៏សែនស្មុគស្មាញ និងជាការបន្តមហិច្ឆតាឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា។ ក្នុងស្ថានភាពដែលប្រទេសថៃកំពុងជួបប្រទះភាពវឹកវរដោយសារគ្រោះធម្មជាតិ ជម្លោះប្រដាប់អាវុធនៅភាគខាងត្បូង ព្រមទាំងការគំរាមកំហែងពីបទល្មើសគ្រឿងញៀន និងបណ្តាញឆបោកតាមអ៊ីនធឺណិត (Scam) ការយកប្រាក់ពន្ធរបស់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខលំបាកទៅចំណាយខ្ជះខ្ជាយលើការទិញអាវុធអួតសម្ញែង បានធ្វើឱ្យអាជ្ញាធរយោធាថៃរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់សាធារណជន និងអ្នកនយោបាយផ្ទៃក្នុងខ្លួនឯង។

អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះគឺ ការពង្រឹងកម្លាំងយោធាយ៉ាងគំហុកពេលនេះ ត្រូវបានធ្វើឡើងស្របពេលដែលយោធាថៃនៅលើដីនៅតែបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបូរណភាពដែនដីកម្ពុជា។ បើទោះបីជាមានបទឈប់បាញ់ និងការប្រកាសតវ៉ាយ៉ាងក្តៅគគុកពីភាគីកម្ពុជា រួមទាំងការដឹងឮពីសំណាក់សហគមន៍អន្តរជាតិយ៉ាងណាក៏ដោយ ក៏យោធាថៃមិនទាន់បោះបង់មហិច្ឆតាឈ្លានពានឡើយ ដោយនៅតែបន្តស្រាស់បន្លាលួស ដាក់ទូកុងតឺន័រ ធ្វើផ្លូវ និងជីកលេណដ្ឋានកែប្រែស្ថានភាពជាក់ស្តែងតាមព្រំដែនដោយឯកតោភាគី។

ទង្វើរបស់ថៃនាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការប្រើប្រាស់មហិច្ឆតាយោធាដើម្បីបិទបាំងភាពបរាជ័យក្នុងការដោះស្រាយវិបត្តិសង្គម និងសេដ្ឋកិច្ចផ្ទៃក្នុង។ ការព្យាយាមបង្កើត «ស្ថានភាពសម្រេចរួចរាល់» ឬ fait accompli តាមរយៈការប្រើប្រាស់កម្លាំងអាវុធ មិនត្រឹមតែមិនអាចបង្កើតបាននូវភាពស្របច្បាប់លើដែនដីកម្ពុជានោះទេ ប៉ុន្តែថែមទាំងទម្លាយឱ្យពិភពលោកមើលឃើញកាន់តែច្បាស់អំពីមុខមាត់ពិតរបស់ភាគីថៃដែលជាអ្នកបង្កហេតុ និងជាអ្នកបំផ្លាញសន្តិភាពក្នុងតំបន់យ៉ាងពិតប្រាកដ៕

Share.