ភ្នំពេញ៖ សាច់បង្កកខុសច្បាប់ និងខូចគុណភាពមានទម្ងន់ជាង៩តោន ដែលត្រូវបានសមត្ថកិច្ចបង្ក្រាប និងរឹបអូសនាពេលកន្លងមក ត្រូវបានដុតកម្ទេចចោល ដើម្បីបញ្ចៀសការយកទៅប្រើប្រាស់ ឬចែកចាយបន្ត។



ការដុតកម្ទេចនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីលានចាក់សំរាម ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។
តាមសមត្ថកិច្ច សាច់បង្កកខាងលើជាទំនិញដែលត្រូវបាននាំចូលដោយខុសច្បាប់ និងមួយចំនួនខូចគុណភាព ហើយត្រូវបានសមត្ថកិច្ចជំនាញគយ និងរដ្ឋាករ បង្ក្រាប និងចាប់ឃាត់ទុកនាពេលកន្លងមក។
ក្រោយការបង្ក្រាប និងពិនិត្យតាមនីតិវិធី សាច់បង្កកទាំងនេះត្រូវបានសម្រេចដុតកម្ទេចចោល ក្រោមវត្តមានលោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន៕
អត្ថបទ៖ តាតុងសែនជ័យ
