យោងតាមការផ្សាយរបស់សារព័ត៌មាន The Standard របស់ប្រទេសថៃបានបច្ចុប្បន្នភាពនយោបាយផ្ទៃក្នុងថៃនាថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ នេះឱ្យដឹងថា ខណៈពេលដែលភាគីថៃតែងតែព្យាយាមបង្កជម្លោះ និងបិទបាំងបញ្ហាផ្ទៃក្នុងរបស់ខ្លួនដោយការបង្កើតរឿងភាគនៅតាមព្រំដែនជាបន្តបន្ទាប់នោះ ផ្ទុយទៅវិញ សភាពការណ៍សេដ្ឋកិច្ច និងវិបត្តិថាមពលនៅក្នុងប្រទេសថៃផ្ទាល់ កំពុងធ្លាក់ចុះដុនដាបយ៉ាងធ្ងន់ធ្ងរ។

រហូតធ្វើឱ្យនាយកណ្ដុរ អនុទិន ឆានវីរៈកុល ដែលជានាយករដ្ឋមន្ត្រីជំនាន់ទី ៣២ របស់ប្រទេសថៃ ត្រូវប្រញាប់រត់ចូលសភាទាំងដុតដៃដុតជើង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ ដើម្បីជំរុញឱ្យសភាថៃអនុម័តព្រះរាជក្រឹត្យអនុញ្ញាតឱ្យក្រសួងហិរញ្ញវត្ថុខ្ចីប្រាក់បន្ទាន់រហូតដល់ ៤០០ ពាន់លានបាត ដើម្បីទប់ទល់នឹងវិបត្តិថាមពល និងបន្ទុកជីវភាពដែលកំពុងសង្កត់ធ្ងន់លើស្មារបស់ប្រជាជនថៃ។
នៅក្នុងសភាតំណាងរាស្ត្រថៃ លោក អនុទិន បានសារភាពយ៉ាងច្បាស់ពីភាពទាល់ច្រកនៃថវិកាជាតិ និងការបរាជ័យក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ដោយលោកបានគូសបញ្ជាក់ថា ថវិកាបម្រុង និងឧបករណ៍ហិរញ្ញវត្ថុធម្មតារបស់ថៃ លែងមានសមត្ថភាពអាចទប់ទល់នឹងសភាពការណ៍បានទៀតហើយ។ លោកបានបន្តថា ថវិកាកណ្តាលឆ្នាំ២០២៦ ចំនួន ៩៩,០០០ លានបាត ត្រូវបានប្រើប្រាស់អស់រលីង ឯការចំណាយបន្ថែមជាង ១៤០,០០០ លានបាតទៀត ក៏គ្មានប្រភពប្រាក់មកទូទាត់ដែរ ដោយសូម្បីតែប្រាក់បម្រុងអាសន្ន ៥០,០០០ លានបាត និងកញ្ចប់ថវិការំលស់កាត់បន្ថយការខាតបង់ថវិកាដែលនៅសល់ត្រឹម ១៧,០០០ លានបាត ក៏មិនអាចជួយសង្គ្រោះស្ថានភាពនេះបានឡើយ។

ដើម្បីដោះសារចំពោះមុខសភា និងសាធារណជន លោក អនុទិន បានទម្លាក់កំហុសទៅលើវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងការកើនឡើងនៃតម្លៃប្រេងពិភពលោក ដោយអាងថា ប្រទេសថៃត្រូវនាំចូលប្រេងជិត ៥០% ពីតំបន់នោះ។ ប៉ុន្តែការណ៍នេះ បានលាតត្រដាងយ៉ាងច្បាស់ពីភាពទន់ជ្រាយខាងរចនាសម្ព័ន្ធ និងកង្វះសមត្ថភាពម្ចាស់ការលើថាមពលរបស់ប្រទេសថៃ។ កញ្ចប់ថវិកាកម្ចី ៤០០ ពាន់លានបាតនេះ ត្រូវបានបែងចែកជាពីរផ្នែក ដោយ ២០០ ពាន់លានបាត យកទៅជួយសង្គ្រោះប្រជាជន និងអាជីវកម្មដែលកំពុងរៀបដួលរលំ និង ២០០ ពាន់លានបាតទៀត យកទៅប្រើប្រាស់ក្នុងការផ្លាស់ប្តូរថាមពល។
ទង្វើបូមលុយកម្ចីដ៏មហាសាលនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាច្រកចេញចុងក្រោយដែលនឹងទម្លាក់បន្ទុកបំណុលសាធារណៈរបស់ថៃឱ្យខិតទៅជិតពិដាន ៧០% នៃ GDP។ វាក៏ជាការបញ្ជាក់យ៉ាងច្បាស់ថា ខណៈពេលដែលរដ្ឋាភិបាលថៃខិតខំប្រឹងប្រែងបង្កើតទិដ្ឋភាពនយោបាយកើនឡើងកម្តៅនៅខាងក្រៅប្រទេស ដើម្បីបង្វែរដាននោះ វិបត្តិសេដ្ឋកិច្ច ការកើនឡើងនៃតម្លៃជីវភាព និងបំណុលវណ្ឌកក្នុងប្រទេសខ្លួនឯង គឺជាការពិតជាក់ស្តែងដែលរដ្ឋាភិបាលថៃមិនអាចលាក់បាំងបានទៀតឡើយ។

គួររំលឹកដែរថា បំណុលសាធារណៈរបស់រដ្ឋាភិបាលថៃ បានកើនឡើងរហូតដល់ប្រមាណ ១២.៦ ត្រីលានបាត តួលេខនេះបានស្តែងឱ្យឃើញថា រដ្ឋាភិបាលថៃកំពុងប្រឈមមុខនឹងវិបត្តិលំហូរសាច់ប្រាក់ និងបំណុលវណ្ឌកយ៉ាងធ្ងន់ធ្ងរ រហូតធ្វើឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលថៃ ត្រូវបង្ខំចិត្តពិភាក្សាគ្នាអំពីលទ្ធភាពនៃការកែប្រែច្បាប់ដើម្បីដំឡើងពិដានបំណុលពី ៧០% ទៅ ៧៥% ដើម្បីអាចធានាឱ្យរដ្ឋាភិបាលថៃបន្តខ្ចីបុលយកមកទប់ទល់នឹងកែប្រែសេដ្ឋកិច្ចដែលកំពុងដុនដាបបាន៕
