សៀមរាប៖ ដើម្បីចូលរួមលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែមានភាពសម្បូរបែប អាជ្ញាធរជាតិអប្សរាបានប្រកាសចាប់ផ្តើមរៀបចំបើកទស្សនីយភាពមើលទៅ «ព្រះអង្គថ្មី» ដែលស្ថិតនៅចំកណ្តាលបារាយណ៍បេងមាលា។

យោងតាមការជូនដំណឹងផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារជំនាញនឹងធ្វើការកាត់ដកហូតដើមឈើមួយចំនួន ដើម្បីបើកប្រកាសមើលទេសភាពចាប់ពីកំពង់ទឹកខាងលិចបារាយណ៍បេងមាលា តម្រង់ទៅកាន់ទីតាំង «ព្រះអង្គថ្មី»។ គម្រោងបើកប្រកាសមើលទេសភាពនេះ មានប្រវែងបណ្តោយសរុប ៧៥០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ដោយដំណើរការអនុវត្តនឹងចាប់ផ្តើមចាប់ពីពេលនេះតទៅ។

ការរៀបចំកែលម្អ និងបើកទស្សនីយភាពថ្មីនេះ ត្រូវបានរំពឹងថានឹងជួយបង្កើតនូវបទពិសោធន៍ទេសចរណ៍ប្លែកអារម្មណ៍មួយកម្រិតទៀត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញទៅទស្សនាក្នុងតំបន់ប្រាសាទបេងមាលា ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយតម្លៃមរតកវប្បធម៌ និងសេដ្ឋកិច្ចទេសចរណ៍ក្នុងតំបន់ផងដែរ៕
