ដើម្បីរួមចំណែកលើកកម្ពស់តម្លៃសីលធម៌ និងវប្បធម៌សង្គម នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានសហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ ចុះអប់រំណែនាំ និងរឹតបន្តឹងផ្ទាល់ដល់ទីតាំងអាជីវកម្មរបស់អាជីវករ ដែលបានដាក់តាំងលក់អាវយឺតមានរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ និងអសុរោះ។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានពិនិត្យឃើញមានការដាក់តាំងលក់អាវយឺតដែលមានសារ និងរូបភាពអសីលធម៌ទាំងនេះ នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ។ នៅក្នុងឱកាសចុះអនុវត្តការងារនោះ ក្រុមការងារជំនាញបានធ្វើការអប់រំណែនាំ និងតម្រូវឱ្យអាជីវករពាក់ព័ន្ធធ្វើកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំពាក់ដែលមានខ្លឹមសារអវិជ្ជមានទាំងនោះជាបន្ទាន់។

អាជ្ញាធរបានគូសបញ្ជាក់ថា ការផលិត ឬចែកចាយសំលៀកបំពាក់ដែលមានពាក្យពេចន៍គ្រោតគ្រាត និងអសុរោះបែបនេះ គឺជាទង្វើផ្ទុយពីសីលធម៌សង្គម និងអាចជះឥទ្ធិពលមិនល្អដល់កុមារ និងយុវជន។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ក៏បានអំពាវនាវដល់អាជីវករទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមសហការក្នុងការជ្រើសរើសទំនិញមកលក់ដូរ ដោយត្រូវគិតគូរពីតម្លៃវប្បធម៌ និងសីលធម៌សង្គមជាធំ៕
