ស្ថានការណ៍នៅភាគខាងត្បូងប្រទេសថៃ បានឈានដល់ចំណុចក្ដៅគគុកឡើងវិញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងកម្លាំងយោធាថៃបានប្រើប្រាស់ឧទ្ធម្ភាគចក្រដេញបាញ់ប្រហារលើប្រជាជនស៊ីវិលមួយក្រុមមានគ្នា ៤នាក់ ជិះម៉ូតូ ៣គ្រឿង នៅក្នុងឃុំ ឆាង ភឿក (Chang Phueak) ស្រុក ចាន់ នែ (Chan Nae) ខេត្ត Narathiwat បណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ។

ព្រឹត្តិការណ៍នេះបានបង្កើតឱ្យមានការរិះគន់យ៉ាងខ្លាំងពីសាធារណជន ខណៈតំបន់នោះកំពុងរង្គោះរង្គើដោយសារការវាយប្រហារជាបន្តបន្ទាប់ពីក្រុមទាមទារឯករាជ្យស្រាប់ទៅហើយនោះ។ ទោះជាយ៉ាងណា ប្រតិកម្មបដិសេធភ្លាមៗពីរដ្ឋាភិបាលលោក អនុទីន ដោយទាត់ចោលការចោទប្រកាន់ថា រឿងនេះជារឿងប្រតិដ្ឋ និងការយករឿងច្បាប់អាជ្ញាសឹក មកធ្វើជាខែលការពារខ្លួន បានធ្វើឱ្យតំណាងរាស្ត្រ និងសកម្មជនសិទ្ធិមនុស្សផ្ទុះកំហឹងយ៉ាងខ្លាំង។

លោក អនុទីន បានបដិសេធមិនព្រមបង្កើតគណៈកម្មាធិការស៊ើបអង្កេតឡើយ ដោយអះអាងថា តំបន់នោះស្ថិតក្រោមច្បាប់អាជ្ញាសឹក ហើយអំណាចសម្រេចចិត្តទាំងស្រុង គឺនៅលើមេបញ្ជាការយោធភូមិភាគទី ៤។ ការលើកឡើងបែបនេះបានធ្វើឱ្យ លោក Romadon Panjor តំណាងរាស្ត្រភាគខាងត្បូង និងជាសកម្មជនសិទ្ធិមនុស្ស រិះគន់លោក អនុរទិន ចំៗថា នាយករដ្ឋមន្ត្រីកំពុងតែបង្ហាញភាពទន់ខ្សោយ និងគ្មានភាពក្លាហាន ក្នុងការឈរជើងទទួលខុសត្រូវចំពោះមុខច្បាប់ និងប្រជាជនឡើយ។

លោកបានបន្ថែមថា ការបណ្តោយឱ្យកងទ័ព ឬយោធភូមិភាគទី៤ បង្កើតយន្តការត្រួតពិនិត្យ និងស៊ើបអង្កេតកំហុសរបស់ខ្លួនឯង គឺជាការបំផ្លាញទំនុកចិត្តរបស់សាធារណជន និងធ្វើឱ្យប៉ះពាល់ដល់ភាពស្របច្បាប់របស់រដ្ឋាភិបាលទៀតផង។

លើសពីនេះ លោក Romadon បានគូសបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាខេត្តភាគខាងត្បូងស្ថិតក្រោមច្បាប់អាជ្ញាសឹកយ៉ាងណាក៏ដោយ ក៏តំបន់ទាំងនោះនៅតែជារបស់ប្រទេសថៃ ហើយមេបញ្ជាការយោធភូមិភាគទី ៤ នៅតែជាមន្ត្រីក្រោមឱវាទរបស់នាយករដ្ឋមន្ត្រីដដែល។ លោកបានប្រៀបធៀបករណីនេះទៅនឹងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលធ្លាប់ប្រើប្រាស់អំណាចពេញដៃ ចុះហត្ថលេខាលើបទបញ្ជាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០០៤ បង្កើតគណៈកម្មាធិការឯករាជ្យស្វែងរកការពិត ជុំវិញព្រឹត្តិការណ៍នៅស្រុក Tak Bai ខេត្ត Narathiwat។ ដូច្នេះ ការអះអាងថា មិនមានអំណាចគ្រប់គ្រាន់ ហើយរុញការសម្រេចចិត្តឱ្យមេបញ្ជាការយោធភូមិភាគទី៤ ជាអ្នកសម្រេច របស់លោក អនុទីន គ្រាន់តែជាលេសដោះសារ ដើម្បីគេចចេញពីការទទួលខុសត្រូវតែប៉ុណ្ណោះ ខណៈសម្ពាធបច្ចុប្បន្នកំពុងធ្លាក់ទៅលើរដ្ឋាភិបាលក្រុងបាងកក ក្នុងការបង្ហាញភាពស្មោះត្រង់ និងភាពក្លាហានក្នុងការវះកាត់ស្វែងរកការពិតជូនប្រជាជនស៊ីវិល៕

ប្រភព៖ The Standard

Share.