សភាពការណ៍គ្រោះធម្មជាតិនៅក្នុងប្រទេសថៃនៅតែបន្តស្ថិតក្នុងស្ថានភាពអាសន្ន និងប្រឈមមុខនឹងហានិភ័យខ្ពស់ ដោយអាជ្ញាធរថៃបានចេញសារព្រមានបន្ទាន់ដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តចំនួន ១០ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះបាក់ស្រុតដីដែលរងសម្ពាធពីកម្លាំងទឹកជំនន់ព្រៃ និងកម្លាំងទឹកភ្លៀងធ្លាក់ពីលើភ្នំ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

ការចេញសារព្រមាននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ បានបញ្ជាឱ្យនាយកដ្ឋានធនធានភូគព្ភសាស្ត្រ ចុះតាមដាន និងព្យាករណ៍តំបន់ប្រឈមគ្រោះថ្នាក់ជាប្រចាំ ដោយសារតែបាតុភូតភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា និងមានបរិមាណទឹកភ្លៀងសរុបកើនឡើងខ្ពស់នៅក្នុងភាគខាងជើង ភាគកណ្តាល និងភាគខាងកើត។

តាមការវាយតម្លៃ ភាគីថៃបានកំណត់មុខសញ្ញាខេត្តប្រឈមគ្រោះថ្នាក់ខ្លាំងចំនួន ១០ រួមមាន៖ ខេត្តណាន (Nan), ខេត្តព្រែ (Phrae), ខេត្តអ៊ុតតារ៉ាទីត (Uttaradit), ខេត្តឈៀងម៉ៃ (Chiang Mai), ខេត្តឈៀងរ៉ៃ (Chiang Rai), ខេត្តផះយ៉ៅ (Phayao), ខេត្តម៉ែហុងសន (Mae Hong Son) ខេត្តតាក (Tak) ខេត្តកញ្ចនបុរី (Kanchanaburi) និងខេត្តត្រាត (Trat)។

យ៉ាងណាមិញអគ្គនាយកនាយកដ្ឋានធនធានភូគព្ភសាស្ត្រថៃ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះមហន្តរាយភូគព្ភសាស្ត្រ នឹងបន្តតាមដានស្ថានភាព ២៤ ម៉ោងលើ ២៤ ម៉ោង ដោយសហការជាមួយនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ដើម្បីផ្ញើសារព្រមានអាសន្នផ្ទាល់ទៅកាន់ទូរស័ព្ទដៃប្រជាពលរដ្ឋតាមប្រព័ន្ធទូរស័ព្ទ ព្រមទាំងដាក់ពង្រាយបណ្តាញអ្នកស្ម័គ្រចិត្តជាង ៤៥,០០០ នាក់នៅតាមតំបន់ប្រឈមផងដែរ៕

Share.