ពាក្យសម្ងាត់ (Password) គឺប្រៀបដូចជា «សោផ្ទះ» នៃប្រព័ន្ធអនឡាញរបស់លោកអ្នក។ ប្រសិនបើពាក្យសម្ងាត់របស់អ្នកងាយស្រួលទាយ ឬខ្សោយ ជនខិលខូចអាចជ្រៀតចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គម ធនាគារ ឬលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

កំហុសទូទៅក្នុងការបង្កើត Password គួរចៀសវាងដាច់ខាតប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដូចជា ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ឈ្មោះខ្លួន ឬសមាជិកគ្រួសារ និងការប្រើពាក្យ ឬលេខរៀងស្វីតងាយៗ។ ជាមួយគ្នានេះការប្រើ Password តែមួយសម្រាប់គ្រប់គណនីគឺជាហានិភ័យធ្ងន់ធ្ងរ ដែលអាចធ្វើគណនីផ្សេងៗទៀតរបស់អ្នកនឹងត្រូវបាត់បង់ទាំងអស់ ប្រសិនបើមានការជ្រៀតចូល។

ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានចែករំលែកគន្លឹះសំខាន់ៗដើម្បីបង្កើត Password ដែលរឹងមាំ (Strong Password) ដូច​តទៅ៖

១.គប្បីដាក់ Password ដែលមានប្រវែងយ៉ាងតិច ១២ តួអក្សរ ដែលមានលាយបញ្ចូលគ្នានៃតួអក្សរ និងសញ្ញាផ្សេងៗដូចជា អក្សរធំ (Uppercase) អក្សរតូច (Lowercase) លេខ (Numbers) និងសញ្ញាពិសេស (Special Characters : @, #, $, %, !, &, *)

២.ការពារគណនីដោយបើកប្រើប្រាស់ (Two-Factor Authentication – 2FA)នៅលើ Telegram, Facebook, Gmail, និង Mobile Banking

៣.ប្រើប្រាស់កម្មវិធីគ្រប់គ្រង Password (Password Manager) ដូចជា Bitwarden ឬ Google Password Manager ដើម្បីរក្សាទុក និងបង្កើត Password រាំងមាំដោយស្វ័យប្រវត្តិ

៤.ផ្លាស់ប្តូរ Password ជាប្រចាំបើសង្ស័យថាមានឧបករណ៍ចម្លែកចូលប្រើប្រាស់គណនី ឬបន្ទាប់ពីប្រើប្រាស់កុំព្យូទ័រសាធារណៈ

៥.កុំចែករំលែក Password ឬលេខកូដ OTP ទៅកាន់នរណាម្នាក់ជាដាច់ខាត ទោះបីជាគេអះអាងថាជាសមត្ថកិច្ច បុគ្គលិកធនាគារ ឬជាសមាជិកគ្រួសារ៕

Share.