កញ្ឆាក្រៀមទម្ងន់៣៤.៥គីឡូក្រាម ត្រូវបានសមត្ថកិច្ចគយច្រកទ្វារអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រចាំនៅស្ថានីយអ្នកដំណើរចេញ បានស្កែនរកឃើញ ពីជនបរទេសម្នាក់ ជាអ្នកដំណើរចាកចេញពីប្រទេសកម្ពុជា ហើយត្រូវបានឃាត់ទុក កាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ។

តាមសមត្ថកិវ្ចជំនាញបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្អែកលើព័ត៌មានដែលផ្តល់ដោយប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) និងរូបភាពសង្ស័យដែលទទួលបានពីម៉ាស៊ីនស្កេន មន្ត្រីគយនិងរដ្ឋាករនៃការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា ដោយបានរកឃើញ រុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន៧១ដុំ មានទម្ងន់សុទ្ធសរុប ៣៤,៥ គីឡូក្រាម ។

បន្ទាប់ពីរកឃើញអីវ៉ាន់ហាមឃាត់ មន្ត្រីជំនាញបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច មន្ត្រីគយនិងរដ្ឋាករបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធី៕

អត្ថបត៖ តាតុងសែនជ័យ

Share.