បាត់ដំបង÷ កសិដ្ឋានចិញ្ចឹមគោយកសាច់ RPRU ដែលផ្គត់ផ្គង់ទីផ្សារធំមួយក្នុងខេត្តបាត់ដំបងគ្រោងបង្កើនការចិញ្ចឹមគោសាច់មានសុវត្ថិភាពរហូតដល់ ៦ ០០០ក្បាលនៅចុងឆ្នាំ ២០២៦ខាងមុខ។
អ្នកគ្រប់គ្រងកសិដ្ឋាន RPRU
បានឱ្យដឹងនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៦នេះថា÷ បច្ចុប្បន្នកសិដ្ឋានរបស់លោកមានមេគោពូជ និងមេគោបង្កាត់សិប្បនិម្មិតចំនួនជាង ១ ០០០ក្បាលដែលបានបង្កាត់កាលពីអំឡុងចុងឆ្នាំ ២០២៥ រហូតមកដល់ពេលនេះទទួលបានកូនគោដែលអាចបញ្ចេញបានសម្រាប់ផ្គត់ផ្គង់កសិដ្ឋានគោសាច់បានយ៉ាងល្អ។




កសិដ្ឋានចិញ្ចឹមគោសាច់ RPRU របស់កូនខ្មែរនេះមានទីតាំងស្ថិតនៅភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង និងបង្កើតឡើងតាំងពីឆ្នាំ ២០២២ នៅលើផ្ទៃដីប្រមាណជាង ៦០ហិកតា ហើយមានការចុះបញ្ជីត្រឹមត្រូវនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថែមទាំងទទួលបានវិញ្ញាបនបត្រជាកសិដ្ឋានគ្មានជំងឺឆ្លងទូទាំងប្រទេសផងដែរ។




ប្រភពខាងលើបន្តថា÷ ជំហានដំបូងកសិដ្ឋានបានសាកល្បងចិញ្ចឹមយកគោសាច់តែជាង ៤០០ក្បាលប៉ុណ្ណោះ តែមកដល់បច្ចុប្បន្នមានចំនួនជាង ៤ ០០០ក្បាល ដែលគ្រោងនឹងពង្រីកបន្ថែមឱ្យបានដល់ទៅ ៦ ០០០ក្បាលនៅចុងឆ្នាំ ២០២៦។
ជាមួយគ្នា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាន លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានឱ្យពង្រីកការចិញ្ចឹមគោសាច់ដែលមានគុណភាព និងសុវត្ថិភាពនេះបន្ថែមទៀតដើម្បីមានលទ្ធភាពផ្គត់ផ្គង់ និងបំពេញតម្រូវការទីផ្សារក្នុង និងក្រៅខេត្តបន្តទៀត៕
អត្ថបទ: ដំបងក្រញូង
