ភ្នំពេញ ៖ មនុស្សប្រុសស្រីច្រើននាក់ ក្នុងនោះនារីវ័យក្មេង ជាអនីតិជន ត្រូវបានកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងផ្ទះសំណាក់មួយកន្លែងយីហោ រ៉ាឌី ស្ថិតនៅតាមផ្លូវបេតុង ក្បែរផ្សារខេម៉ល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ាក់ យូលាង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបនៅទីតាំងខាងលើ ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ ក្នុងនោះម្ចាស់ទីតាំង នារីក្មេងៗជាអនីតិជន សង្ស័យពាក់ព័ន្ធករណីជួញដូរមនុស្ស កន្លែងផ្តល់សេវាកម្មផ្លូវភេទ ។

ក្រោយឃាត់ខ្លួនបាន មនុស្សទាំងអស់នាំយកទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និងអនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ
