ព្រះវិហារ ៖ ហ្វូងដំរីព្រៃចំនួន៦ក្បាល ចូលមករស់នៅក្បែរភូមិអ្នកស្រុកចំណុចព្រៃកែង ភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អស់រយៈពេលជិត១ខែហើយ អាជ្ញាធរ សមត្ថកិច្ច ផ្សព្វផ្សាយឱ្យពលរដ្ឋអ្នកភូមិក្បែរនោះ ប្រុងប្រយ័ត្ន និងជួយអភិរក្ស នេះបើតាមអាជ្ញាធរខេត្តព្រះវិហារ ឱ្យដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។
សូមចុចអាន៖ គួរហ៊ានដាក់ពិន័យមន្ត្រីខិលខូច ច្រអូស ស្ពឹក និងលើកទឹកចិត្តមន្ត្រីស្អាតស្អំនិងសកម្ម

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ហ្វូងដំរីព្រៃ៦ក្បាននេះ បានចូលមកភូមិអ្នកស្រុក អស់រយៈពេលជិតមួយខែទៅហើយ ជួនអុកឡុកក្នុងភូមិ កាច់បំផ្លាំផលដំណាំពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច តាមឃ្លាំមើលរហូត ខ្លាចបង្កបញ្ហាដល់អ្នកស្រុក ខណៈដែលហ្វូងដំរីនេះ មិនទាន់ចាកចេញទៅណាសោះ ។
លោក ឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ បានឱ្យដឹងថា អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការតាមដាននៃការរស់នៅ និងការវិវត្តន៍របស់ហ្វូងសត្វដំរីព្រៃនេះជារៀងរាល់ថ្ងៃ ដើម្បីប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ដោយខ្លាចរុញ ទាញផ្ទះពលរដ្ឋ និងបំផ្លាញផលដំណាំ ។
បើតាម លោក វ៉ាត ប៉ារ៉ានីន និងលោក ហុក សុផល អភិបាលរងខេត្ត បានឱ្យដឹងថា រយៈពេលជិតមួយខែមកនេះ ហ្វូងដំរីព្រៃចំនួន៦ក្បាល ចូលមករស់នៅតំបន់ខាងលើ ដោយមិនចេញទៅណាឆ្ងាយសោះ អាជ្ញាធរចាត់កម្លាំង គៀងបង្អើល ជៀសវាងចូលភូមិ ចូលចំការអ្នកស្រុក ។
អាជ្ញាធរបានផ្សព្វផ្សាយដល់ពលរដ្ឋរស់នៅក្បែរនោះឱ្យប្រុងប្រយ័ត្ន និងជួយឃ្លាំមើល ដើម្បីសុវត្តិភាព និងអភិរក្សសត្វព្រៃ ៕

