ក្នុងខណៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងឈានជើងយ៉ាងស្វាហាប់ក្នុងដំណាក់កាលនៃកិច្ចដំណើរការកែទម្រង់ស៊ីជម្រៅ ជាពិសេសការអនុវត្ត កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៩-២០៣០ តួនាទីរបស់មន្ត្រីរាជការនៅមូលដ្ឋាន កាន់តែមានសារៈសំខាន់ខ្លាំងឡើងជាងពេលណាៗទាំងអស់។ មន្ត្រីនៅមូលដ្ឋាន គឺជាមុខមាត់របស់រដ្ឋាភិបាល ជាអ្នកសម្រេចវាសនានៃការអភិវឌ្ឍ និងជាអ្នកវាស់វែងនូវភាពជោគជ័យនៃគោលនយោបាយជាតិ។ ពួកគេក៏រួមចំណែកយ៉ាងសំខាន់ធ្វើឲ្យមានការប្រែប្រួលនៃសំឡេងឆ្នោតគាំទ្រនៅតាមមូលដ្ឋានផងដែរ។

តាមស្មារតីនៃកំណែទម្រង់ មន្ត្រីរាជការមិនមែនជា “ចៅហ្វាយ” របស់រាស្ត្រនោះទេ ប៉ុន្តែគឺជា “អ្នកបម្រើដែលស្មោះត្រង់បំផុត”។ ការចុះទៅដល់មូលដ្ឋាន ការស្វែងយល់ពីទុក្ខលំបាក និងការផ្តល់សេវាសាធារណៈឱ្យបានលឿន ងាយស្រួល និងប្រកបដោយតម្លាភាព គឺជាកាតព្វកិច្ចចម្បង។ មន្ត្រីដែលសកម្ម និងមានគុណធម៌ មិនត្រឹមតែជួយឱ្យ   សហគមន៍រីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាងនូវ “កិត្តិយស” ដែលមិនអាចទិញបានដោយទឹកប្រាក់ថែមទៀតផង។

ទាំងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋគឺសុទ្ធតែត្រូវការមន្ត្រីរាជការស្អាតស្អំ ស្មោះត្រង់និងសកម្មនឹងកិច្ចការបម្រើជាតិនិងប្រជាពលរដ្ឋ។ប៉ុន្តែបញ្ហានោះគឺនៅត្រង់ថា គួរមានយន្តការអ្វីខ្លះដើម្បីឲ្យមន្ត្រីរាជការមានភាពសកម្មក្នុងតួនាទីនិងភារកិច្ចរបស់ខ្លួន?ពាក់ព័ន្ធទៅនឹងសំណួរដែលបានលើកឡើងនេះ ស្មេរសូមមិនឆ្លើយជំនួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងឬអង្គភាពជំនាញខាងគ្រប់គ្រងមន្ត្រីរាជការនោះឡើយ។

ជាមួយគ្នានេះ ចំពោះមន្ត្រីមួយចំនួនតូច ដែលនៅតែមានចរិតខ្ជិលច្រអូស ធ្វើការតាមទម្លាប់ចាស់ “ជិះសេះលែងដៃ” ឬអាក្រក់ជាងនេះទៅទៀត គឺការប្រើប្រាស់អំណាចតួនាទីដើម្បីប្រព្រឹត្តអំពើពុករលួយ និងការកេងចំណេញពីពលរដ្ឋស្លូតត្រង់នោះ ក៏មិនគួរមានការលើកលែងតទៅទៀតនោះដែរ។មន្ត្រីប្រភេទនេះ គឺជា “មហារីក” នៃរដ្ឋបាល   សាធារណៈ។ ក្នុងក្របខណ្ឌនៃកំណែទម្រង់ឆ្នាំ២០១៩-២០៣០ ការដាក់ពិន័យ និងការដុសខាត់មន្ត្រីខិលខូច មិនមែនជារឿងដែលអាចមើលរំលងបានឡើយ។ អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” គួរតែត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត។ មន្ត្រីដែលមិនព្រមកែប្រែឥរិយាបថ ត្រូវតែប្រឈមមុខនឹងការព្រមាន វិន័យរដ្ឋបាល ឬការដកចេញពីតំណែង ដើម្បីរក្សាសេចក្ដីថ្លៃថ្នូររបស់មន្ត្រីរាជការរាប់ម៉ឺននាក់ផ្សេងទៀតដែលកំពុងធ្វើការដោយស្មោះត្រង់។

ឆ្ពោះទៅរកឆ្នាំ២០៣០៖ រដ្ឋបាលទំនើប និងស្អាតស្អំ

គោលដៅឆ្នាំ២០៣០ គឺការកសាងរដ្ឋបាលសាធារណៈមួយដែល “ឆ្លាតវៃ និងស្អាតស្អំ”។ រាជរដ្ឋាភិបាលត្រូវការមន្ត្រីដែលចេះប្រើប្រាស់បច្ចេកវិទ្យា ចេះដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត និងមានបេះដូងដើម្បីប្រជាជន។

ក្នុងនាមជាពលរដ្ឋមួយរូប ស្មេរសូមរំលឹកដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ថា៖ “អំណាច និងតួនាទី គឺជាឱកាសសម្រាប់សាងបុណ្យ និងស្នាដៃ មិនមែនជាឧបករណ៍សម្រាប់សាងបាប និងអំណួតនោះឡើយ”។ ចូររួមគ្នាកសាងជំនឿទុកចិត្តឡើងវិញតាមរយៈការងារជាក់ស្ដែងនៅមូលដ្ឋាន ដើម្បីឱ្យពាក្យថា “មន្ត្រីរាជការ” ក្លាយជាមោទនភាពពិតប្រាកដរបស់ជាតិ និងប្រជាជន។

ជារួមមកវិញ គ្មានកំណែទម្រង់ណាមួយជោគជ័យឡើយ បើគ្មានការចូលរួមផ្លាស់ប្តូរឥរិយាបថពីមន្ត្រីម្នាក់ៗ។ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធរួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាលើកតម្កើងមន្ត្រីដែលសកម្ម និងបោសសម្អាតមន្ត្រីដែលមិនស្មោះត្រង់។ ដល់ពេលដែលត្រូវជម្រុះចោលនូវទម្លាប់ចាស់ដែលបង្កភាពយឺតយ៉ាវ ហើយជំនួសមកវិញនូវវប្បធម៌ការងារ “សកម្ម ស្អាតស្អំ និងមានមនសិការ” ដើម្បីអនាគតដ៏រុងរឿងនៃមាតុភូមិកម្ពុជា៕

អត្ថបទ៖ត្រយង

Share.