ភ្នំពេញ៖ ករណីទំនាស់ពាក្យសំដីឈានដល់ការប្រតាយប្រតប់គ្នា រវាងបុរសជនជាតិប៉ាគីស្ថាន២នាក់ និងបុរសជនជាតិខ្មែរ២នាក់ នៅលើសួនច្បារមាត់ទន្លេ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ និងនាំភាគីពាក់ព័ន្ធទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ មុនពេលភាគីទាំងសងខាងយល់ព្រមសម្របសម្រួលបញ្ចប់រឿង ដោយមិនប្តឹងផ្តល់គ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចសួនច្បារមាត់ទន្លេ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានចុះអន្តរាគមន៍ និងអញ្ជើញភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីសួរនាំ និងស្វែងរកដំណោះស្រាយចំពោះទំនាស់ដែលបានកើតឡើង។

ក្រោយការសួរនាំ ភាគីទាំងសងខាងបានស្នើសុំឱ្យសមត្ថកិច្ចជួយសម្របសម្រួល ដោយពួកគេយល់ព្រមបញ្ចប់រឿង មិនធ្វើការប្តឹងផ្តល់គ្នា ព្រមទាំងបានយោគយល់ អធ្យាស្រ័យ និងសុំទោសគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើកំណត់ហេតុណែនាំអប់រំ និងឱ្យភាគីទាំងសងខាងធ្វើកិច្ចសន្យាយល់ព្រមមិនប្តឹងផ្តល់គ្នា រួចបានអនុញ្ញាតឱ្យពួកគេត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ៕

Share.