ប្រជាជននេប៉ាល់ដែលកំពុងរងទុក្ខយ៉ាងក្រៀមក្រំ បានឈានចូលដល់ថ្ងៃចុងក្រោយនៃការកាន់ទុក្ខតាមប្រពៃណីសាសនាហិណ្ឌូ នាថ្ងៃចន្ទ ទី៧ ខែកញ្ញា នេះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះរាប់រយនាក់ ដែលបានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់នៅតាមព្រំដែនប្រទេសនេប៉ាល់ និងចិន ខណៈដែលរដ្ឋាភិបាលបន្តប្រតិបត្តិការស្វែងរក និងសង្គ្រោះ បន្ទាប់ពីបានជួយសង្គ្រោះមនុស្ស ៤នាក់នាពេលថ្មីៗនេះ។

មន្រ្តីរដ្ឋាភិបាលនៃប្រទេសនេប៉ាល់ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថាប័នរដ្ឋទាំងអស់នៅក្នុងប្រទេសដែលមានប្រជាជន ៣០លាននាក់ និងភាគច្រើនមានអ្នកកាន់សាសនិកហិណ្ឌូមួយនេះ រួមទាំងស្ថានតំណាងនៅបរទេស ត្រូវបង្ហូតទង់ជាតិពាក់កណ្តាលដង ដើម្បីប្រារព្ធពិធីកាន់ទុក្ខនៅថ្ងៃទី១៣ បន្ទាប់ពីការបាត់បង់ជីវិតរបស់ជនរងគ្រោះ។ ថ្ងៃនេះត្រូវបានសាសនិកចាត់ទុកថាជាថ្ងៃចុងក្រោយនៃការកាន់ទុក្ខ ដោយមានការធ្វើពិធីសាសនា និងការប្រគេនចង្ហាន់ ឬអាហារឧទ្ទិសដល់អ្នកចែកឋាន។

កាលពីថ្ងៃទី២៦ ខែសីហា ផ្ទាំងភក់ និងថ្មដ៏ធំធេងដែលបង្កឡើងដោយការបាក់ផ្ទាំងទឹកកក បានបាក់ធ្លាក់ចូលទៅក្នុងទន្លេនៅតាមព្រំដែនជួរភ្នំហិម៉ាល័យ រវាងនេប៉ាល់ និងទីបេនៃប្រទេសចិន ដោយបានបង្កជាទឹកជំនន់ជនលិចទីប្រជុំជន និងភូមិឋានជាច្រើន ព្រមទាំងនាំមកនូវដីល្បាប់ ឬ ភក់កប់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានា។ គិតមកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១,៣៨០នាក់បានបាត់បង់ជីវិតដោយសារការបាក់ដីនេះ ហើយជាង ៥,៥០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។

ទោះបីជាសង្ឃឹមស្ទើរតែអស់យ៉ាងណាក្តី ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមសង្គ្រោះបានទាញមនុស្ស ៤នាក់ចេញពីគំនរបាក់បែកដោយសុវត្ថិភាព រួមមានជនជាតិចិនម្នាក់ដែលត្រូវជួយសង្គ្រោះចេញពីផ្លូវកាត់ក្រោមដីកាលពីថ្ងៃសៅរ៍ កម្មករវារីអគ្គិសនី ២នាក់ជួយសង្គ្រោះចេញពីផ្លូវក្រោមដីមួយទៀតកាលពីថ្ងៃសុក្រ និងស្ត្រីជនជាតិនេប៉ាល់ម្នាក់ត្រូវបានស្រង់ចេញពីក្រោមគំនរផ្ទះបាក់បែក។

អ្នកនាំពាក្យកងទ័ព លោក Raja Ram Basnet បានឱ្យដឹងថា ប្រតិបត្តិការសង្គ្រោះនៅក្នុងប្រទេសនេប៉ាល់ កំពុងផ្តោតសំខាន់លើស្ថានីយវារីអគ្គិសនីនៅក្នុងតំបន់នោះ ដែលអាជ្ញាធរជឿជាក់ថា នៅតែអាចមានអ្នករស់រានមានជីវិត។ ដោយឡែក មន្ត្រីចិនបាននិយាយកាលពីថ្ងៃអាទិត្យ ថា កម្មករបានស្រង់សពមនុស្ស ១២នាក់បន្ថែមទៀត ខណៈការស្វែងរកមនុស្សរាប់រយនាក់ដែលកំពុងបាត់ខ្លួននៅទីបេនៅតែបន្តធ្វើឡើងយ៉ាងសកម្ម៕
