ភ្នំពេញ៖ «គួរឱ្យអស់សំណើមែន ! ឯកអគ្គរាជទូតផ្ទះលេខ២ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលខ្ញុំ កុំឱ្យលើកឡើងពីបញ្ហាព្រំឌេនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)»។ នេះជាការលើកឡើងរបស់ ឯកឧត្តម លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រអេស្ប៉ាញ បូរីក្សត្រអង់ដូរ៉ា និងបូរីក្សត្រម៉ូណាកូ។
តាមសាររបស់ឯកអគ្គរាជទូតកម្ពុជា ដែលបានបង្ហោះលើហ្វេសបុកកាលពីព្រឹកថ្ងៃទី២ ខែកញ្ញានេះ បានលើកឡើងថា «ប្រទេសរបស់លោកបានឈ្លានពានប្រទេសរបស់ខ្ញុំ» ហើយចោទប្រកាន់ថា ភាគីនោះក៏បានព្យាយាមបំភ្លៃការពិត ដោយ «ប្រែក្លាយខ្មៅទៅជាស និងសទៅជាខ្មៅ»។
លោកបានបញ្ជាក់ថា ក្នុងនាមជាអ្នកការទូតកម្ពុជា លោកមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ។ ដូច្នេះ លោកអះអាងថា «គ្មានហេតុផលអ្វីដែលខ្ញុំត្រូវនៅស្ងៀមនោះទេ»។

ការលើកឡើងនេះមានទម្ងន់ខាងការទូត ដោយសារកម្ពុជា គឺជាសមាជិកពេញសិទ្ធិរបស់ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តាំងពីឆ្នាំ១៩៩៣ ខណៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងរៀបចំនៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៦។ វេទិកាកំពូលនេះជាស្ថាប័នកំពូលរបស់ហ្វ្រង់កូហ្វូនី និងជាកន្លែងដែលប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកជួបពិភាក្សាអំពីបញ្ហាសំខាន់ៗនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ជាពិសេស កិច្ចប្រជុំកំពូលឆ្នាំ២០២៦ នៅកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានប្រធានបទពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ គឺបញ្ហាព្រំដែនកម្ពុជា-ថៃ មិនមែនជាបញ្ហាដែលគ្មានសាវតារនៅក្នុងក្របខណ្ឌហ្វ្រង់កូហ្វូនីឡើយ។ កាលពីខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាធិការហ្វ្រង់កូហ្វូនី លោកស្រី Louise Mushikiwabo បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យភាគីទាំងពីរដោះស្រាយតាមការសន្ទនា និងដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
លើសពីនេះ នៅឆ្នាំ២០២៦ គណៈកម្មការនយោបាយនៃ សភាសហគមន៍ហ្វ្រង់កូហ្វូនី (APF) ដែលបានប្រជុំនៅក្រុងសៀមរាប ក៏បានអនុម័តសេចក្តីសម្រេចមួយស្តីពី បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងជម្លោះជាមួយប្រទេសថៃ ដោយអំពាវនាវឱ្យគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី និងដោះស្រាយវិវាទដោយសន្តិវិធី តាមយន្តការទ្វេភាគី និងច្បាប់អន្តរជាតិ។
សូមជម្រាបជូនដែរថា បញ្ហាព្រំដែនកម្ពុជា-ថៃ នៅតែជាបញ្ហារសើបខាងអធិបតេយ្យភាព និងបូរណភាពទឹកដី។ ជាបន្ដបន្ទាប់ រហូតដល់ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តចេញលិខិតតវ៉ាផ្លូវការចំពោះសកម្មភាពដែលខ្លួនចាត់ទុកថា ជាការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ហើយបានបញ្ជាក់ថា កម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី៕
