នៅថ្ងៃទី៧ ខែកញ្ញា កន្លងទៅ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារជាអត្ថបទអំពីការគាំទ្រឯកឧត្តម សៅ សុខា បន្តជាប្រធានសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា បន្តទៀត។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា «ការឈ្នះ ឬចាញ់ គឺជារឿងធម្មតានៅក្នុងកីឡាទូទៅ ក៏ដូចជាកីឡាបាល់ទាត់ ដូចដែលយើងតែងឃើញទោះនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក (World Cup 2026) ចុងក្រោយនេះផងដែរ»។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្ថែមសារទឹកចិត្តថា«ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមបាល់ទាត់ U20 កម្ពុជា គ្រូបង្វឹក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងបំពេញតួនាទីរបស់ខ្លួនដោយការទទួលខុសត្រូវ និងស្មារតីកីឡាខ្ពស់»។

ប្រាកដណាស់ អ្នកដែលចង់ឈ្នះបំផុត គឺកីឡាករ គឺគ្រូបង្វឹក និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

គ្មានក្រុមណាមួយចង់ចាញ់ឡើយ ហើយក៏គ្មាននរណាអាចទាយលទ្ធផលទុកជាមុនបានដែរ ព្រោះយើងនិយាយអោយខ្លីគឺ « បាល់មូល » ដូច្នេះ លទ្ធផលនៃការប្រកួត មួយ ពីរ ឬលើសពីនេះ មិនមែនជាហេតុផលដើម្បី ស្តីបន្ទោស ចង្អុលឬដាក់កំហុសលើអ្នកណានោះទេ។

ខ្ញុំបានតាមដានប្រធានបទនេះ និងការវែកញែកមួយចំនួនយ៉ាងយកចិត្តទុកដាក់។ ទោះយ៉ាងណាក្តី ខ្ញុំចង់ទាញអារម្មណ៍យើងទាំងអស់គ្នា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម សៅ សុខា និងការរីកចម្រើននៃវិស័យនេះ ដែលមិនអាចប្រកែកបាន បន្ទាប់ពីគាត់បានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សម្រាប់ខ្ញុំ ការរីកចម្រើនរបស់វិស័យបាល់ទាត់កម្ពុជា គឺជាលទ្ធផលនៃការដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម សៅ សុខា។ ប្រសិនបើគ្មានការដឹកនាំរបស់តួអង្គពូទេ និងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ច្បាស់ណាស់ វិស័យបាល់ទាត់កម្ពុជាមិនអាចឈានដល់ការរីកចម្រើនក្នុងល្បឿនមួយដូចបច្ចុប្បន្នបានឡើយ។

ខ្ញុំបានឃើញទៅលើកិច្ចពិភាក្សាហើយមានការលើកបេក្ខជនដែលនឹងដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប៉ុន្តែសម្រាប់ខ្ញុំជឿជាក់ មានទំនុកចិត្ត និងគាំទ្រដល់ការដឹកនាំរបស់ ឯកឧត្តម សៅ សុខា។

គូរបញ្ជាក់ថា ការពីពេលថ្មីៗនេះ មានការលើកឡើងជាច្រើនពីការលាលែងពីតំណែងរបស់ឯកឧត្តម សៅ សុខា ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយឃើញពីការបរាជ័យរបស់ក្រុមគោព្រៃកម្ពុជា ប្រកួតពានរង្វាន់យុវជនអាស៊ី AFC U20 Asian Cup ឆ្នាំ២០២៧ ដោយកម្ពុជា អស់ឱកាសឡើងទៅជុំបន្តក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះ១ និងចាញ់២ វគ្គជម្រុះពូល G នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

AFC U20 Asian Cup៖ យុវជនកម្ពុជា ហាលអាវត្រឹមវគ្គចែក​ពូលលើដីខ្លួនឯង ក្រោយបរាជ័យ២ប្រកួត របូត១៤គ្រាប់

Share.