ន្ទនបុរី៖ ជម្លោះលើដងផ្លូវរវាងអ្នកបើកបរម៉ូតូ និងមេធាវីវ័យចំណាស់អាយុ ៧០ឆ្នាំ រហូតឈានដល់ការប្រតាយប្រតប់ដកអាវុធខ្លីបាញ់ប្រហារគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលដាបដីទាំងសងខាង ផ្អើលដល់អ្នកដំណើរ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

យោងតាមរបាយការណ៍បឋមពីកងកម្លាំងនគរបាលបានឱ្យដឹងថា ហេតុការណ៍ដ៏ក្ដៅគគុកនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៦ល្ងាច ថ្ងៃទី៦ ខែកញ្ញា កន្លងទៅថ្មីៗនេះ នៅតាមបណ្តោយផ្លូវសាធារណៈមួយក្នុងស្រុកបាងគ្រួយ ខេត្តន្ទនបុរី។ ដើមចមនៃជម្លោះនេះ គឺផ្តើមចេញពីការមិនចេះអត់ឱនឱ្យគ្នាលើដងផ្លូវ បន្ទាប់ពីមេធាវីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Mercedes-Benz ពណ៌ខ្មៅ មានកំហឹង និងចោទប្រកាន់ថា អ្នកជិះម៉ូតូបានបើកកាត់មុខរថយន្តរបស់ខ្លួន។

ជនរងគ្រោះជាអ្នកជិះម៉ូតូត្រូវបានស្គាល់ឈ្មោះថា លោក អាក្ខរ៉ាណាត់ (Akkharanat) ហៅ ជេ (Jay) អាយុ ២៩ឆ្នាំ បានរងរបួសម្រាមដៃចង្អុលខាងឆ្វេង។ ចំណែកឯភាគីគូប្រជែងវិញ គឺជាមេធាវីវ័យចំណាស់អាយុប្រហែល ៧០ឆ្នាំ ឈ្មោះ ហ៊ីរ៉ាន់ (Hiran) បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរហូរឈាមជោគខ្លួន និងត្រូវក្រុមសង្គ្រោះបន្ទាន់នៃមូលនិធិ ប៉ោ តេកតឹង ចុះជួយសង្គ្រោះបឋមមុននឹងប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យបាងគ្រួយ។

តាមរយៈការរៀបរាប់ពីភាគីអ្នកជិះម៉ូតូ លោក អាក្ខរ៉ាណាត់ បានបញ្ជាក់ថា ខ្លួនបានជិះម៉ូតូទៅទទួលអ្នកដំណើរចេញពីទីលានហ្វូតសាល ដើម្បីដឹកយកទៅកាន់បុរីស្នាក់នៅមួយកន្លែង។ ពេលមកដល់ចំណុចផ្លូវចូល លោកបានឃើញរថយន្ត Mercedes-Benz កំពុងត្រៀមបត់ ទើបខ្លួនសម្រេចចិត្តជែងពីខាងឆ្វេងដោយគ្មានចេតនាឈ្លានពាន ឬកាត់មុខអ្វីនោះឡើយ។ ប៉ុន្តែ អ្នកបើកបររថយន្តបែរជាផ្ទុះកំហឹងមិនព្រមលើកលែង ចុចស៊ីផ្លេ និងបើកតាមស្ទាក់ពីក្រោយទោះបីជាខ្លួនបានងក់ក្បាលបង្ហាញសញ្ញាសុំអភ័យទោសរួចទៅហើយក៏ដោយ។
ពេលជិះមកដល់គោលដៅដើម្បីឱ្យអ្នកដំណើរចុះ ភាគីលោកមេធាវី ហ៊ីរ៉ាន់ បានបើកឡានមកចតក្បែរម៉ូតូ រួចស្ទុះចុះមកពីរថយន្ដដោយកំហឹង មុននឹងដើរត្រឡប់ទៅទាញយកឈើច្រត់ និងកាំភ្លើងខ្លីចេញពីក្នុងរថយន្តមកជាមួយ។ ឃើញសភាពការណ៍មិនសូវស្រួល លោក អាក្ខរ៉ាណាត់ ដែលជាភាគីខាងម៉ូតូ ក៏បានចូលទៅស្ទាក់ឃាត់សម្តី និងប្រឹងប្រែងស្ទុះដណ្តើមយកអាវុធពីដៃមេធាវីវ័យចំណាស់នោះ រហូតទាល់តែធ្លាក់ពីដៃ រួចដួលប្រតាយប្រតប់គ្នាបោកនឹងដីបណ្តាលឱ្យគ្រាប់កាំភ្លើងផ្ទុះឡើងមួយគ្រាប់ចំម្រាមដៃរបស់ខ្លួនឯង។

ក្រោយពេលកើតហេតុ ភាពចលាចរណ៍បានស្ងប់ស្កាត់ទៅវិញ បន្ទាប់ពីអ្នកជិះម៉ូតូអាចដកហូតកាំភ្លើងនោះមកវិញបាន និងស្រែកហៅអ្នកជិតខាងឱ្យជួយទាក់ទងសមត្ថកិច្ច។ ចំណែកឯរបួសក្បាលដ៏ធ្ងន់ធ្ងររបស់លោកមេធាវី ហ៊ីរ៉ាន់ ត្រូវបានក្រុមស៊ើបអង្កេតសន្និដ្ឋានថា បណ្តាលមកពីការដួលបោកបាក់ក្បាលទៅនឹងថ្នល់យ៉ាងដំណំក្នុងអំឡុងពេលប្រតាយប្រតប់គ្នា។
បច្ចុប្បន្ន មន្ត្រីនគរបាលយុត្តិធម៌នៃស្ថានីយប៉ូលិសស្រុកបាងគ្រួយ សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលកោសល្យវិច្ច័យខេត្តន្ទនបុរី បានចុះត្រួតពិនិត្យស្រាវជ្រាវយ៉ាងហ្មត់ចត់នៅកន្លែងកើតហេតុ និងបានរកឃើញកាំភ្លើងខ្លីទំហំ ៩មល ១ដើម ដែលមានគ្រាប់សេសសល់ក្នុងបង់ចំនួន ៤គ្រាប់ ក្រៅបង់ ២គ្រាប់ និងសំបកគ្រាប់ដែលបាញ់ផ្ទុះអស់ ១គ្រាប់ ព្រមទាំងប្រមូលស្នាមម្រាមដៃបង្កប់លើកាំភ្លើងទុកជាវត្ថុតាង។ ដោយឡែក លោកមេធាវី ហ៊ីរ៉ាន់ កំពុងស្ថិតក្រោមការសម្រាកព្យាបាល និងរង់ចាំលទ្ធផលពិនិត្យវេជ្ជសាស្ត្រយ៉ាងហ្មត់ចត់ពីគ្រូពេទ្យ មុនពេលដែលនគរបាលកោះហៅខ្លួនមកសាកសួរចម្លើយ និងកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់៕
