ក្រសួងទេសចរណ៍កម្ពុជាបានស្ដែងឱ្យឃើញពីឧត្តមភាពយ៉ាងលេចធ្លោលើឆាកអន្តរជាតិ ដោយព្រះរាជណាចក្រកម្ពុជាបានទទួលចំណាត់ថ្នាក់ជា «ប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍» ឈានមុខគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមការវាយតម្លៃ និងចេញផ្សាយដោយស្ថាប័នព័ត៌មានដ៏ល្បីល្បាញ U.S. News & World Report។

តាមទិន្នន័យចំណាត់ថ្នាក់សកលលោកដែលបង្ហាញដោយក្រសួងទេសចរណ៍ កម្ពុជាបានឈរនៅលេខរៀងទី ១៧ នៅលើពិភពលោក ដែលជាកម្រិតកំពូលខ្ពស់ជាងគេបង្អស់ក្នុងចំណោមបណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជ័យជម្នះនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពទាក់ទាញនៃសម្បត្តិធម្មជាតិដ៏សម្បូរបែប ព្រៃឈើ បឹងបួរ ជីវៈចម្រុះ និងកិច្ចខិតខំប្រឹងប្រែងអភិរក្សបរិស្ថាន បូករួមទាំងការអភិវឌ្ឍតំបន់អេកូទេសចរណ៍ប្រកបដោយចីរភាពរបស់កម្ពុជា។

ផ្អែកតាមរបាយការណ៍ដដែល ក្រៅពីកម្ពុជា ចំណាត់ថ្នាក់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មាន ឡាវឈរនៅលេខរៀងទី ២២ ថៃឈរនៅលេខរៀងទី ៣៣ ម៉ាឡេស៊ីឈរនៅលេខរៀងទី ៤២ ហ្វីលីពីនឈរនៅលេខរៀងទី ៦៦ ឥណ្ឌូណេស៊ីឈរនៅលេខរៀងទី ៦៧ មីយ៉ាន់ម៉ាឈរនៅលេខរៀងទី ៧៤ សឹង្ហបុរីឈរនៅលេខរៀងទី ៧៧ និងវៀតណាមឈរនៅលេខរៀងទី ៨៩។

ការទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់ និងលេខ ១៧ លើពិភពលោកនេះ មិនត្រឹមតែជាមោទនភាពជាតិដ៏ធំធេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីបញ្ជាក់ថា ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍កម្ពុជា កំពុងតែក្លាយជាគោលដៅមេដែកស្រូបទាញទេសចរអន្តរជាតិដែលស្រឡាញ់បរិស្ថាន និងការធ្វើដំណើរប្រកបដោយការទទួលខុសត្រូវ មកកាន់ «ព្រះរាជាណាចក្រអច្ឆរិយៈ» កាន់តែច្រើនឡើងជាលំដាប់៕

Share.