
ប្រភពសារព័ត៌មានថៃនាពេលថ្មីៗនេះបានឱ្យដឹងថា អាជ្ញាធរអន្តោប្រវេសន៍ថៃ ខេត្តសុរ៉ាតថានី កំពុងតែបើកប្រតិបត្តិការតាមស្វែងរក និងតាមចាប់ខ្លួនបុរសជនជាតិបារាំងម្នាក់យ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីលោក អនុទិន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានចុះហត្ថលេខាលើបញ្ជាផ្លូវការឱ្យបណ្តេញជនជាតិបារាំងរូបនោះចេញពីប្រទេសថៃ។
ជនសង្ស័យមានឈ្មោះថា ខេវិន ឌីមីណូ (Kevin Dimino) ជាម្ចាស់សួនសត្វ Samui Exotic Park នៅលើកោះសមុយ ។ តាមរាយការណ៍ព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោង ១:០០ រសៀល ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៦ បន្ទាប់ពីបញ្ជាបណ្តេញចេញត្រូវបានប្រកាសជាផ្លូវការ គេបានឃើញលោក ខេវិន បើករថយន្តម៉ាក BMW យ៉ាងលឿនចូលមកចតក្នុងសួនសត្វ រួចដើរមើលជុំវិញ មុនពេលរត់គេចខ្លួនបាត់ស្រមោលរហូតមកទល់ពេលនេះ។

មន្ត្រីប៉ូលិសអន្តោប្រវេសន៍បានបញ្ជាក់ថា ប្រសិនបើចាប់ខ្លួនបាន ជនសង្ស័យរូបនេះនឹងត្រូវយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិស បូភុត (Bophut) ដើម្បីរង់ចាំនីតិវិធីបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។ ការញែកទីតាំងឃុំខ្លួននេះ គឺដើម្បីចៀសវាងការប៉ះទង្គិចគ្នាជាមួយគូជម្លោះរបស់គេ គឺលោក យ៉ាកុហ្វ អូហាយ៉ុន (Yakov Ohayon) ជនជាតិអ៊ីស្រាអែល ដែលកំពុងត្រូវប៉ូលិសឃុំខ្លួននៅអធិការដ្ឋានប៉ូលិសកោះសមុយ មុននេះបន្តិច។
គួររំលឹកថា ដើមចមនៃហេតុការណ៍គឺបណ្ដាលមកពី ជនជាតិបារាំងរូបនេះគឺជាម្ចាស់សួនសត្វនៅលើកោះសាមុយ និងមានហាងកាហ្វេសត្វចិញ្ចឹម បានបង្កជម្លោះជាមួយជនជាតិអ៊ីស្រាអែលម្នាក់ រួចត្រូវបានកំណត់ថាត្រូវបណ្តេញចេញពីប្រទេសថៃ អមជាមួយដីកាចាប់ខ្លួន និងអនុញ្ញាតឱ្យមានការប្តឹងឧទ្ធរណ៍ក្នុងរយៈពេល៧ថ្ងៃ។

ប៉ុន្តែភាគីលោក ខេវិន ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានបារាំង AFP ថា ដើមឡើយភ្ញៀវទេសចរជនជាតិអ៊ីស្រាអែលមួយចំនួនបានបង្ហាញឥរិយាបថមិនសមរម្យជាច្រើនដងនៅក្នុងសួនសត្វ ដូចជា ការមិនព្រមបង់ថ្លៃសំបុត្រ, ការធ្វើបាបសត្វ និងការបើកទ្រុងឱ្យសត្វរត់។ ចំណុចនេះបានបង្កឱ្យផ្ទុះជាជម្លោះធំបំផុត រហូតនៅពេលមួយមានភ្ញៀវអ៊ីស្រាអែលម្នាក់បានវាយសត្វបក្សីមួយក្បាលឱ្យសន្លប់ទៀតផង។ ហេតុនេះហើយ ទើបជនជាតិបារាំងរូបនេះសម្រេចចិត្តព្យួរ ទង់ជាតិប៉ាឡេស្ទីន នៅច្រកចូល ដើម្បីសម្តែងការមិនស្វាគមន៍ចំពោះក្រុមទេសចរដែលបង្កបញ្ហាតែម្ដងទៅ។
ករណីនេះបានបង្កើតឱ្យមានរលកនៃការរិះគន់ និងចោទសួរយ៉ាងក្តៅស្លឹកត្រចៀកពីសំណាក់មហាជនថៃ និងទំព័រព័ត៌មានក្នុងស្រុកថៃ ដោយប្រជាពលរដ្ឋថៃបានសម្តែងការងឿងឆ្ងល់មិនអស់ចិត្តថា ហេតុអ្វីបានជាអាជ្ញាធរថៃ និងក្រសួងមហាផ្ទៃ ប្រញាប់ប្រញាល់លុបទិដ្ឋាការនិងបណ្តេញអ្នកជំនួញបារាំងដែលបើកសួនសត្វបម្រើផលប្រយោជន៍ក្នុងតំបន់ ប៉ុន្តែបែរជាបណ្តែតបណ្តោយ ឬយោគយល់ដល់ក្រុមនាយទុនប្រផេះ ឬជនបរទេសបង្កបញ្ហាមួយចំនួនទៀត ជាពិសេសក្រុមនាយទុនចិន និងអ៊ីស្រាអែលឱ្យរស់នៅក្នុងប្រទេសថៃបានយ៉ាងរលូនទៅវិញ៕
