
ឯកឧត្តម ហេង រតនា បានលាតត្រដាងពីផែនការភាគីថៃបានព្យាយាមបិទបាំង និងលុបលាងអស់ជាច្រើនឆ្នាំ បន្ទាប់ពីអង្គការ UNESCO-ICOMOS បានបញ្ចេញរបាយការណ៍វាយតម្លៃផ្លូវការ អំពីការបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរលើសម្បត្តិបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដោយសារការវាយប្រហារដោយចេតនារបស់កងទ័ពថៃ។

យោងតាមការគូសបញ្ជាក់ជាសាធារណៈរបស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា របាយការណ៍វាយតម្លៃរបស់អង្គការ UNESCO-ICOMOS បានរកឃើញនូវភស្តុតាងដែលថៃមិនអាចបដិសេធបានថា កងទ័ពថៃបានទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១ គោលដៅ ដោយផ្ទាល់ទៅលើតួប្រាសាទព្រះវិហារ ដែលជាហេតុបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតលើរចនាសម្ព័ន្ធប្រាសាទរហូតដល់ទៅ ជាង ៥៦០ កន្លែង។

អ្វីដែលជាចំណុចក្តៅ និងរំលេចនូវទង្វើល្មើសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងររបស់ថៃនោះ គឺរបាយការណ៍បច្ចេកទេសរបស់ UNESCO-ICOMOS បានរំលេចថា ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារ មិនមែនជាការបាញ់ច្រឡំ ឬជាឧបទ្ទវហេតុចៃដន្យឡើយ។ ផ្ទុយទៅវិញ សកម្មភាពយោធារបស់ថៃ ត្រូវបានធ្វើឡើងដោយមានការកំណត់គោលដៅវាយប្រហារលើតួប្រាសាទចំនួន ៥០១ កន្លែង ឆ្លុះបញ្ចាំងពីការរៀបចំផែនការមុនយ៉ាងលម្អិត។ ប្រតិបត្តិការវាយប្រហារនេះ មានខ្សែរយៈបញ្ជាការយោធាថៃយ៉ាងច្បាស់លាស់ ក្នុងគោលបំណងទុច្ចរិតដើម្បីកម្ទេចសម្បត្តិបេតិកភណ្ឌពិភពលោក និងជាមរតកដូនតាខ្មែរដ៏ថ្លៃថ្លា។

សូមជម្រាបថា កន្លងមក ភាគីថៃតែងតែប្រឹងប្រែងបង្កើតក្បួនល្ខោនឌីជីថល និងប្រើប្រាស់យុទ្ធនាការសង្គ្រាមព័ត៌មាន ដើម្បីសម្តែងខ្លួនជាជនរងគ្រោះឬជាអ្នកស្រឡាញ់សន្តិភាព ព្រមទាំងព្យាយាមបដិសេធការទទួលខុសត្រូវលើការខូចខាតប្រាសាទព្រះវិហារ។ ទោះជាយ៉ាងណា របាយការណ៍ផ្លូវការពីស្ថាប័នអន្តរជាតិកំពូលផ្នែកបេតិកភណ្ឌ UNESCO-ICOMOS នាពេលនេះ គឺជាភស្តុតាងវិទ្យាសាស្ត្រ និងជាទះកំផ្លៀងមួយទំហឹងចំពោះសកម្មភាពការភូតភបោកប្រាប់ររបស់យោធា និងរដ្ឋាភិបាលថៃ៕
