អង្គការអុកស្វាម (Oxfam) សហការជាមួយអង្គការសង្គមស៊ីវិលចំនួន ៦ ទៀត ក្រោមការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារស្វ៊ីស SDC បានប្រកាសដាក់ឱ្យអនុវត្តគម្រោង «CLIPS» ជាផ្លូវការនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នេះ ដើម្បីពង្រឹងភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការរៀបចំផែនការ និងតាមដានថវិកាថ្នាក់ក្រោមជាតិ ដោយរំពឹងថានឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ពលរដ្ឋជាង ៤០ម៉ឺននាក់ ក្នុងខេត្ត-រាជធានីគោលដៅចំនួន ៦។

ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងជំរុញកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការចូលរួមប្រកបដោយអត្ថន័យពីសំណាក់ប្រជាពលរដ្ឋក្នុងដំណើរការរៀបចំផែនការ និងការពិនិត្យថវិកា គឺជាកត្តាចាំបាច់សម្រាប់ការសម្រេចបាននូវអភិបាលកិច្ចដែលមានតម្លាភាព គណនេយ្យភាព និងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ដោយមើលឃើញពីភាពចាំបាច់ដូច្នេះ អង្គការអុកស្វាម (Oxfam) រួមជាមួយអង្គការដៃគូចំនួន ៦ ទៀត បានប្រកាសអនុវត្តគម្រោង «ពង្រឹងភាពជាម្ចាស់របស់ពលរដ្ឋ ដើម្បីរៀបចំផែនការ និងផ្តល់សេវាសម្រាប់ទាំងអស់គ្នា» ហៅកាត់ថា CLIPS ដើម្បីចូលរួមពង្រឹងអភិបាលកិច្ចមូលដ្ឋាន ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តដែលប៉ះពាល់ដល់សហគមន៍របស់ពួកគេ។ ពិធីប្រកាសជាផ្លូវការស្ដីពីការអនុវត្តគម្រោងនេះ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី ១០ ខែកញ្ញា ឆ្នាំ ២០២៦។
យោងតាមប្រសាសន៍លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានគូសរំលេចឱ្យដឹងថា គម្រោង CLIPS នឹងធ្វើការនៅក្នុងឃុំចំនួន ៦០ នៃស្រុកចំនួន ១៤ ក្នុងខេត្តគោលដៅចំនួន ៦ រួមមាន៖ រាជធានីភ្នំពេញ កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ រតនគិរី និងមណ្ឌលគិរី ដោយផ្តោតលើការកសាងសមត្ថភាពរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់អភិបាលកិច្ច ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការតាមដានថវិកា និងការលើកកម្ពស់កិច្ចសន្ទនាប្រកបដោយស្ថាបនារវាងប្រជាពលរដ្ឋ និងអាជ្ញាធរថ្នាក់ក្រោមជាតិ។ តាមការប៉ាន់ស្មាន ប្រជាពលរដ្ឋប្រមាណជាង ៤០ ម៉ឺននាក់ រំពឹងថានឹងទទួលផលពីគម្រោងនេះ។
គម្រោង «ពង្រឹងភាពជាម្ចាស់របស់ពលរដ្ឋ ដើម្បីរៀបចំផែនការ និងផ្តល់សេវាសម្រាប់ទាំងអស់គ្នា» ផ្តោតលើលទ្ធផលសំខាន់ៗចំនួន ៣ រួមមាន៖ ទី១. ពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋ និងរដ្ឋបាលមូលដ្ឋានថ្នាក់ក្រោមជាតិក្នុងការយល់ដឹង ទទួលបាន និងប្រើប្រាស់ព័ត៌មានថវិកា និងឧបករណ៍ឌីជីថលសម្រាប់ការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការរៀបចំផែនការថវិកា និងការសម្រេចចិត្តផ្នែកថវិកានៅមូលដ្ឋាន។ ទី២. លើកកម្ពស់យន្តការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការតាមដាន និងយន្តការគណនេយ្យភាពសម្រាប់ការចំណាយសាធារណៈនៅថ្នាក់មូលដ្ឋានដើម្បីគាំទ្រដល់តម្លាភាព និងការឆ្លើយតបកាន់ តែប្រសើរចំពោះអាទិភាពរបស់សហគមន៍។ ទី៣. លើកកម្ពស់យន្តការរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាបន្ន តម្លាភាព និងការឆ្លើយតបដែលធានាឱ្យមានការចូលរួមពីប្រជាពលរដ្ឋជាទៀងទាត់ក្នុងការរៀបចំផែនការសកម្មភាព ថវិកា និងការតាមដានសេវាសាធារណៈនៅមូលដ្ឋាន។
សូមជម្រាប់ថា គម្រោង «ពង្រឹងភាពជាម្ចាស់របស់ពលរដ្ឋ ដើម្បីរៀបចំផែនការ និងផ្តល់សេវាសម្រាប់ទាំងអស់គ្នា» ជាគម្រោងរួមរបស់អង្គការសង្គមស៊ីវិល ដែលដឹកនាំដោយអង្គការអុកស្វាម (Oxfam) និងអង្គការដៃគូចំនួន ៦ រួមមាន៖ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA), អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA), វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum), អង្គការសីលការ (SILAKA) និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ដោយទទួលបានថវិកាជំនួយពីទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC)៕








