
វិបត្តិសន្តិសុខ និងភាពអសមត្ថភាពនៃប្រព័ន្ធអនុវត្តច្បាប់របស់ថៃ បានស្តែងឱ្យឃើញយ៉ាងច្បាស់ តាមរយៈរូបភាពអាម៉ាស់ជាថ្មីម្តងទៀត បន្ទាប់ពីតម្រួតពាក់ស័ក្តិនៅលើស្មាថៃម្នាក់បានប្រើប្រាស់អាវុធផ្ទាល់ខ្លួនបាញ់សម្លាប់ភរិយាខ្លួនឯងនៅក្នុងសាលាមត្តេយ្យយ៉ាងរន្ធត់ ហើយហេតុការណ៍នេះបានធ្វើឱ្យប៉ូលិសថៃត្រូវចំណាយពេលបិទការឡោមព័ទ្ធ និងចរចាយ៉ាងយឺតយ៉ាវរហូតដល់ទៅជាង ២០ម៉ោងទម្រាំតែអាចនាំខ្លួនជនល្មើសបាន។

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយថៃ MGR Online នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារយ៉ាងសាហាវឃោរឃៅនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០:០០ព្រឹក ថ្ងៃទី៩ ខែកញ្ញា នៅឯសាលាមត្តេយ្យសង្កាត់ Nhong Pla Lai ខេត្តឈុនបុរី។ ជនល្មើសដែលជាខ្មាន់កាំភ្លើង ត្រូវបានគេស្គាល់ឈ្មោះថា វរសេនីយ៍ត្រី Tasaphong Thongthach (ហៅ មួតអូ )ជាតម្រួតបង្ក្រាបបទល្មើសនៅប៉ុស្តិ៍បាងឡាម៉ុង បានប្រើប្រាស់អាវុធបាញ់សម្លាប់ភរិយារបស់ខ្លួនឈ្មោះ Kru Ple ដែលជាគ្រូបង្រៀននៅក្នុងសាលាមត្តេយ្យនោះយ៉ាងព្រៃផ្សៃ។

ហេតុការណ៍ជំរុញឱ្យមានសំនួរជាច្រើននៅលើបណ្ដាញសង្គម ចោទសួរពីវិជ្ជាជីវៈ ប្រសិទ្ធភាព និងសមត្ថភាពរបស់ប៉ូលិសថៃ ដែលហាក់មានសភាពយឺតយ៉ាវក្នុងប្រតិបត្តិការ។ ក្រោយកើតហេតុ ប៉ូលិសថៃបានប្រើប្រាស់កម្លាំងឡោមព័ទ្ធផ្ទះជនល្មើស ចាយពេលយ៉ាងយូរ និងអូសបន្លាយរហូតដល់ទៅជាង ២០ម៉ោង ចាប់ពីព្រឹកថ្ងៃទី៩ រហូតដល់ម៉ោង ០៦:២០ ព្រឹក ថ្ងៃទី១០ ខែកញ្ញា ទម្រាំតែអាចបញ្ចប់ស្ថានការណ៍បាន។ ស្ថានអាចចរចាបាន នៅពេលត្រូវរង់ចាំទាល់តែកូនប្រុសរបស់ជនល្មើសបានធ្វើដំណើរពីភាគខាងត្បូង មកឈរអង្វរករ កាន់មេក្រូស្រែក និងទូរស័ព្ទសម្រួលជាមួយឪពុកខ្លួនពេញមួយយប់ ទម្រាំជនល្មើសយល់ព្រមដើរចេញមកប្រគល់ខ្លួនឱ្យប៉ូលិស។

សូមជម្រាបថា សង្គមថៃបច្ចុប្បន្នកំពុងកើនឡើងនូវ អំពើហិង្សា និងការគំរាមកំហែងដល់ជីវិតពលរដ្ឋ រួមទាំងកុមារតូចៗរៀងរាល់ថ្ងៃ ដោយសារតែការគ្រប់គ្រងអាវុធធុនស្រាលមិនបានល្អិតល្អន់ និងការខ្វះសមត្ថភាពក្នុងការអន្តរាគមន៍គ្រោះអាសន្នឱ្យបានឆាប់រហ័សពីសំណាក់សមត្ថកិច្ចជាតិថៃតែម្ដង៕
