ភ្នំពេញ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ផ្ទះរបស់លោកអធិការរងខណ្ឌកំបូលម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ រួចលួចយកម៉ូតូមួយគ្រឿងទៅបាត់ ដោយក្នុងម៉ូតូនោះមានឯកសណ្ឋាន និងកាតនគរបាលរបស់ម្ចាស់ម៉ូតូផងដែរ។ ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះគឺលោក វរសេនីយ៍ទោ ចាន់ សុខលាប អត្តលេខ ៧៣២៧២ ឋានៈជាអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ទទួលផែនអន្តោប្រវេសន៍។ ម៉ូតូដែលត្រូវបានជនសង្ស័យលួចយកទៅ គឺម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HX-9606។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺនៅក្រោមកែបម៉ូតូមានឯកសារសំខាន់ៗ រួមមាន ឯកសណ្ឋាននគរបាលចំនួន១កំប្លេរ និងកាតនគរបាលចំនួន១ ដែលមានឈ្មោះលោក វរសេនីយ៍ទោ ចាន់ សុខលាប។ សម្ភារទាំងនេះក៏បានបាត់ទៅជាមួយម៉ូតូផងដែរ។

ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ មានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម បន្ទាប់ពីមានគេប្រទះឃើញបុរសម្នាក់ជាជនអនាថា កំពុងអូសរទេះរើសអេតចាយ និងពាក់អាវនគរបាលដែលមានឈ្មោះ វរសេនីយ៍ទោ ចាន់ សុខលាប ព្រមទាំងពាក់មួកនគរបាល ហើយរូបភាពត្រូវបានថត និងចែកចាយតៗគ្នា។

យ៉ាងណា តាមការបញ្ជាក់របស់ជនរងគ្រោះ បុរសរើសអេតចាយដែលពាក់អាវ និងមួកនគរបាលនោះ មិនមែនជាជនសង្ស័យក្នុងករណីគាស់ផ្ទះ និងលួចម៉ូតូឡើយ។ បុរសរូបនេះបានអះអាងថា គ្រាន់តែឃើញអាវ និងមួកត្រូវបានចោលតាមផ្លូវ ហើយបានរើសយកមកពាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន អាវ និងមួកនគរបាលត្រូវបានជនរងគ្រោះស្វែងរក និងយកមកវិញហើយ។ ចំណែកម៉ូតូដែលបាត់ និងជនសង្ស័យដែលធ្វើសកម្មភាពគាស់ផ្ទះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរក ដើម្បីយកមកចាត់ការតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

