កំពង់ធំ៖ សកម្មភាពរុករក និងបូមបង្ហូររ៉ែមាសខុសច្បាប់នៅតំបន់ជើងភ្នំជី ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កំពុងត្រូវបានមន្ត្រីឧទ្យានុរក្ស សមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តចុះទប់ស្កាត់ និងបង្ក្រាប ខណៈគិតត្រឹមខែសីហា ឆ្នាំ២០២៦ ក្រុមការងារបានចាប់យកម៉ាស៊ីនបូមចំនួន២៥គ្រឿង និងក្បាលបូម១២គ្រឿង ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួន។

តំបន់ជើងភ្នំជី ដែលមានសកម្មភាពរុករក និងបូមរ៉ែនេះ ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តក្រចេះ។ ក្រុមការងារបានចុះប្រតិបត្តិការជាបន្តបន្ទាប់ ដោយចាប់យកម៉ាស៊ីនបូម ក្បាលបូម និងទុយោបូមមួយចំនួន ព្រមទាំងរុះរើទបង្ហូររ៉ែ និងសម្ភារៈដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ទាំងនេះ។

ការចុះទប់ស្កាត់ និងបង្ក្រាបនេះ ធ្វើឡើងក្នុងគោលបំណងការពារធនធានធម្មជាតិ និងទប់ស្កាត់ការប៉ះពាល់ដល់បរិស្ថាន ខណៈកាលពីពេលថ្មីៗ មានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មានអំពីសកម្មភាពរករ៉ែនៅក្នុងតំបន់ខាងលើបន្ថែមទៀត។ ក្រៅពីការតាមដានសកម្មភាពរុករករ៉ែ ក្រុមការងារក៏កំពុងពិនិត្យ និងតាមដានករណីព័ទ្ធដីព្រៃយកទៅធ្វើចម្ការ និងចិញ្ចឹមសត្វគោដោយគ្មានការអនុញ្ញាត ចំនួន១កន្លែងផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំបានជូនដំណឹងឱ្យបញ្ឈប់សកម្មភាពរករ៉ែខុសច្បាប់នៅតំបន់ខាងលើ។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានកំណត់រយៈពេល១ខែ គិតចាប់ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋដែលចូលមកបូមរ៉ែ រុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពបង្ហូររ៉ែខុសច្បាប់តទៅទៀត។

ក្នុងរយៈពេលនេះ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី នឹងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីការហាមឃាត់ និងវិធានការដែលត្រូវអនុវត្ត។ បន្ទាប់ពីសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចូលជាធរមាន ករណីដែលរកឃើញថាមានបទល្មើស នឹងត្រូវចាត់វិធានការតាមច្បាប់៕

អត្ថបទ៖តុលាការ

Share.