ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសនៅកម្ពុជា អាចបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន ខណៈស្ថានភាពកម្ពស់ទឹកនៅតាមដងទន្លេសំខាន់ៗ ក៏មានការប្រែប្រួលឡើង-ចុះបន្តិចបន្តួច។


តាមព្រឹត្តិបត្ររបស់ក្រសួង សម្ពាធទាបដែលកើតមាននៅលើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ និងសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា។
នៅ តំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាជាមធ្យម២៥អង្សាសេ និងអតិបរមា៣៣អង្សាសេ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រមាណ៦០%នៃផ្ទៃដី។
ចំណែក តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមាជាមធ្យម២៤អង្សាសេ និងអតិបរមា៣១អង្សាសេ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រមទាំងជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រមាណ៧០%នៃផ្ទៃដី។


ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាជាមធ្យម២៥អង្សាសេ និងអតិបរមា៣៤អង្សាសេ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រមាណ៧០%នៃផ្ទៃដី។ រលកសមុទ្រមានកម្ពស់មធ្យមចាប់ពី០,៥០ម៉ែត្រ ដល់១,៧០ម៉ែត្រ។
នៅថ្ងៃជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍កម្ពស់ទឹក ដែលបានពិនិត្យនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែកញ្ញា កម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រមួយចំនួនមានការស្រក ខណៈស្ថានីយមួយចំនួនទៀតមានការឡើងតិចតួច បើធៀបនឹងថ្ងៃមុន។ ដោយស្ថាបភាពទឹកនៅ ស្ទឹងត្រែង មានកម្ពស់៩,៣៥ម៉ែត្រ ស្រក០,១៥ម៉ែត្រ ខេត្តក្រចេះ មាន២០,៧៨ម៉ែត្រ ស្រក០,៣២ម៉ែត្រ និង ខេត្តកំពង់ចាម មាន១៣,៨០ម៉ែត្រ ស្រក០,០៩ម៉ែត្រ។
ចំណែកនៅតំបន់ខាងក្រោម មានទន្លេ ចតុមុខ មានកម្ពស់ទឹក៨,៨៤ម៉ែត្រ ឡើង០,០១ម៉ែត្រ, អ្នកលឿង ៦,២៦ម៉ែត្រ ឡើង០,០៤ម៉ែត្រ, កោះខែល ៧,៥៤ម៉ែត្រ ឡើង០,០៣ម៉ែត្រ និង ព្រែកក្ដាម ៧,៥៧ម៉ែត្រ ឡើង០,០៥ម៉ែត្រ។ ចំណែក កំពង់លួង មានកម្ពស់ទឹក៥,៩៥ម៉ែត្រ និងឡើង០,១៣ម៉ែត្រ បើធៀបនឹងថ្ងៃមុន។
តាមការបញ្ជាក់របស់ក្រសួង ជារួម ទឹកនៅតាមស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ បាននិងកំពុងស្រក ខណៈនៅតំបន់ខាងក្រោមឡើងបន្តិចបន្តួច មិនទាន់បង្ហាញពីការកើនឡើងខ្លាំងជាទូទៅនោះទេ។
ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានក្នុងរយៈពេល៣ថ្ងៃខាងមុខ ជាពិសេសនៅតំបន់ដែលទទួលឥទ្ធិពលពីស្ថានភាពធាតុអាកាសខាងលើ៕

