មួយរយៈចុងក្រោយនេះ ករណីលួចគណនី Telegram (Telegram Hacked) បានកើតឡើងជាញឹកញាប់។ ចំណុចសំខាន់ដែលអ្នកត្រូវយល់ដឹងគឺ Telegram ប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព End-to-End Encryption និងគ្រប់គ្រងតាម Session ដូច្នេះសូម្បីតែក្រុមការងារ Telegram Support ក៏មិនអាចជួយ Reset Password ឬប្រគល់គណនីឱ្យអ្នកវិញដោយផ្ទាល់បានដែរ។

ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានេះ សូមអនុវត្តតាមដំណោះស្រាយបច្ចេកទេសជាក់ស្តែងតាមករណីនីមួយៗខាងក្រោម៖
ករណីទី ១៖ គណនីកំពុងត្រូវគេលួចចូល (ប៉ុន្តែអ្នកនៅបើកប្រើបាន)
ប្រសិនបើឃើញសារប្លែកៗ ឬសង្ស័យថាមានជនទីបីកំពុងលួចប្រើ ប៉ុន្តែអ្នកនៅតែបើកកម្មវិធីលើទូរស័ព្ទដៃបាន សូមប្រញាប់ធ្វើតាម ២ ជំហាននេះជាបន្ទាន់៖
ជំហានទី ១៖ បណ្តេញឧបករណ៍ Hacker ចេញពីគណនី (Terminate Sessions)
- បើកកម្មវិធីTelegram > ចូលទៅកាន់ Settings
- ជ្រើសរើសយក Devices (ឬ Active Sessions)
- ពិនិត្យមើលឈ្មោះឧបករណ៍ ឬទីតាំង/IP Address មិនស្គាល់ រួចចុចលើពាក្យ Terminate All Other Sessions
ការផ្ទៀងផ្ទាត់៖ ត្រឡប់មកពិនិត្យបញ្ជីឧបករណ៍ឡើងវិញ ត្រូវប្រាកដថានៅសល់តែទូរស័ព្ទដៃរបស់អ្នកតែមួយប៉ុណ្ណោះ។
ជំហានទី ២៖ បើកលេខសម្ងាត់ ២ ជាន់ (Two-Step Verification) ភ្លាមៗ
- ចូលទៅ Settings > Privacy and Security
- ចុចយក Two-Step Verification រួចបង្កើតលេខសម្ងាត់ (Cloud Password) ឱ្យបានរឹងមាំ
- ចំណុចចាំបាច់បំផុត៖ បញ្ចូល Recovery Email របស់អ្នក រួចយកលេខកូដពី Email មកផ្ទៀងផ្ទាត់ឱ្យចប់សព្វគ្រប់
ការផ្ទៀងផ្ទាត់៖ ផ្ទាំង Privacy & Security នឹងបង្ហាញស្ថានភាពថា “Two-Step Verification: On”។
ករណីទី ២៖ ត្រូវគេធាក់ចេញពីគណនីទាំងស្រុង (Logged Out)
ប្រសិនបើបើកកម្មវិធីមក ស្រាប់តែទាមទារឱ្យ Login ឡើងវិញទាំងអស់ មានន័យថា Hacker បានបណ្តេញ Session របស់អ្នកចេញហើយ។
ជំហានទី ១៖ Login យកលេខទូរស័ព្ទមកវិញ
- វាយបញ្ចូលលេខទូរស័ព្ទរបស់អ្នក រួចជ្រើសរើសទទួលលេខកូដតាមSMS ឬ ការហៅទូរស័ព្ទ
- បញ្ចូលលេខកូដ ៥ ខ្ទង់ដែលបានទទួល
ប្រសិនបើចូលបានភ្លាម សូមប្រញាប់ត្រឡប់ទៅអនុវត្ត ករណីទី ១ (បណ្តេញ Session ផ្សេងទៀត និងដាក់ 2FA) ជាបន្ទាន់។
ជំហានទី ២៖ ករណី Hacker បានដាក់លេខសម្ងាត់ 2FA រារាំង
ប្រសិនបើអ្នកវាយលេខកូដ SMS រួចហើយ ប៉ុន្តែប្រព័ន្ធទាមទារលេខសម្ងាត់ 2FA ដែល Hacker បានដាក់៖
- ចុចលើពាក្យ Forgot Password?
- ប្រសិនបើគ្មានអ៊ីមែលសង្គ្រោះរបស់អ្នកទេ សូមជ្រើសរើស Reset Account
ការព្រមានសំខាន់៖ ការចុច Reset Account នឹងលុបទិន្នន័យសារចាស់ៗទាំងអស់ចោល ព្រោះប្រព័ន្ធសុវត្ថិភាពរបស់ Telegram មិនអនុញ្ញាតឱ្យចូលមើលសារចាស់ដោយគ្មាន Password ឡើយ។ ប៉ុន្តែវិធីនេះជួយឱ្យអ្នកទាញយកលេខទូរស័ព្ទមកគ្រប់គ្រងវិញបាន ព្រមទាំងរក្សាភាពជាម្ចាស់លើ Groups ឬ Channels របស់អ្នកដដែល។
ករណីទី ៣៖ ភ្លេចលេខសម្ងាត់ 2FA (Cloud Password) ដោយខ្លួនឯង
ការសង្គ្រោះគណនីក្នុងករណីនេះ អាស្រ័យលើស្ថានភាពជាក់ស្តែងចំនួន ៣៖
- មានភ្ជាប់ Email សង្គ្រោះ៖ ចុច Forgot Password? > យកលេខកូដពី Email មកវាយបញ្ចូល > បង្កើត Password ថ្មី (ទិន្នន័យចាស់ មិនបាត់បង់ទេ)- គ្មាន Email តែនៅសល់ឧបករណ៍ផ្សេងទៀតកំពុងបើកចោល (Logged-in Device)៖ ចូលទៅកាន់ឧបករណ៍នោះ រួចចូល Settings > Privacy & Security > Two-Step Verification > ចុច Forgot Password? > ជ្រើសរើស No access to email? > រង់ចាំរយៈពេល ៧ ថ្ងៃ (រយៈពេលសុវត្ថិភាពកំណត់ដោយ Telegram) នោះអ្នកនឹងអាចកំណត់ Password ថ្មីបានដោយ មិនបាត់បង់ទិន្នន័យឡើយ។
- គ្មាន Email និងគ្មានសល់ឧបករណ៍ណាផ្សេងទៀតសោះ៖ អ្នកមានជម្រើសតែមួយគត់គឺចុច Forgot Password? > ចុច Reset Account (គណនីនឹងត្រូវកំណត់ឡើងវិញថ្មី ហើយទិន្នន័យចាស់ៗនឹងត្រូវលុបចោលទាំងស្រុង)។
វិធានការការពារគណនី Telegram កុំឱ្យចាញ់បោកគេម្តងទៀត
- ដាច់ខាតកុំផ្ញើលេខកូដ Login (៥ ខ្ទង់) ទៅអ្នកណាឱ្យសោះ៖ ទោះបីជាមានគណនីមិត្តភក្តិ ឬស្ថាប័នណាមួយឆាតមកសុំក៏ដោយ។
- បើកមុខងារ 2FA ជានិច្ច៖ កំណត់ Password ផ្ទាល់ខ្លួន និងត្រូវប្រាកដថាបានភ្ជាប់ជាមួយ Email ដែលអ្នកកំពុងប្រើប្រាស់ពិតប្រាកដ។
- ឆែក Devices ឱ្យបានញឹកញាប់៖ ចូលមើលក្នុង Settings > Devices យ៉ាងហោច ១ សប្តាហ៍ម្តង ដើម្បីដឹងពីវត្តមានឧបករណ៍ប្លែកៗ។
- បើក Passcode Lock៖ ចូលទៅ Settings > Privacy & Security > Passcode Lock ដើម្បីចាក់សោកម្មវិធីការពារពេលមានអ្នកផ្សេងខ្ចីទូរស័ព្ទប្រើ៕
អត្ថបទស្រង់ចេញទាំងស្រុងអំពី «វិធីដោះស្រាយ និងសង្គ្រោះគណនី Telegram ពេលត្រូវគេលួច ឬភ្លេចលេខសម្ងាត់» ពីគេហទំព័រ SecuDemy.com
