នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក្រោមគម្រោងរេដបូក (REDD+) កែវសីមាបានរៀបចំយុទ្ធនាការដាំកូនឈើចំនួន ១០០០ ដើម នៅក្នុងតំបន់សហគមន៍នៃដែនជម្រកសត្វព្រៃកែវសីមា ដើម្បីពង្រីកគម្របព្រៃឈើ និងជំរុញចលនាភាពបៃតងនៅកម្ពុជា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានលើកឡើងថា ការបង្កើនគម្របបៃតងនៅតាមមូលដ្ឋាន ជាកត្តាគន្លឹះក្នុងការចូលរួមឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុសកល ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ផ្ទាល់។ ឯកឧត្តមបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តមណ្ឌលគិរីបណ្តុះកូនឈើបានជាង ១៦ ម៉ឺនដើមរួចមកហើយ និងបានបន្តចែកជូនប្រជាពលរដ្ឋយកទៅដាំជាបន្តបន្ទាប់ ដើម្បីរួមគ្នាបង្កើតសោភ័ណភាព និងបរិស្ថានបៃតង។

ជាមួយគ្នានេះ លោក តាន់ សេដ្ឋា ប្រធានគម្រោងដាំស្តារព្រៃឈើនៃអង្គការ WCS បានឲ្យដឹងថា គម្រោងដាំស្តារព្រៃឈើនៅដែនជម្រកសត្វព្រៃកែវសីមា បានចាប់ផ្តើមតាំងពីឆ្នាំ២០២២ មកម្ល៉េះ។ លោកបានបន្តថា នៅឆ្នាំ២០២៧ ខាងមុខ អង្គការ WCS មានផែនការជួយបណ្តុះកូនឈើឱ្យបានចំនួន ១៥ ម៉ឺនដើមបន្ថែមទៀត នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ក្នុងខេត្តមណ្ឌលគិរី ដើម្បជាការត្រៀមលក្ខណៈយកទៅដាំបង្កើនគម្របបៃតង។

ដោយឡែក ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួង ក្នុងការបន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងជំរុញការដាំដើមឈើឱ្យកាន់តែខ្លាំងក្លា។ ឯកឧត្តមបន្ថែមថា យុទ្ធនាការដាំកូនឈើ ១ ០០០ ដើមនាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងការរួមគ្នារក្សាការពារសម្បត្តិធម្មជាតិ និងកសាងអនាគតបៃតងដែលមាននិរន្តរភាពសម្រាប់អ្នកជំនាន់ក្រោយ។

គួររំលឹកផងដែរថា ចាប់តាំងពីក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការ «ដាំកូនឈើយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ» ពីចុងឆ្នាំ២០២៣ រហូតមកដល់ឆ្នាំ២០២៦ នេះ ក្រសួងបានចែកជូនកូនឈើប្រមាណ ១០លានដើម ជូនដល់ប្រជាពលរដ្ឋយកទៅដាំនៅតាមមូលដ្ឋាន ដើម្បីចូលរួមពង្រីកគម្របព្រៃឈើនៅទូទាំងប្រទេស៕







