នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការផ្សព្វផ្សាយសៀវភៅ «ស្នាមញញឹមខ្មែរ» (ឬ ស្នាមញញឹមរក្សាទុកសម្រាប់ប្រទេសនិយាយភាសាបារាំង) កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ វាគ្មិនកិត្តិយស និងអ្នកសហការរៀបចំសៀវភៅ បានបង្ហាញនូវទស្សនទានយ៉ាងក្បោះក្បាយជុំវិញអត្ថន័យ គោលបំណង និងសារៈសំខាន់នៃស្នាដៃនេះ ក្នុងការស្វាគមន៍ប្រតិភូនៃគ្រួសារហ្វ្រង់កូហ្វូនី ព្រមទាំងការលើកស្ទួយមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានថ្មីៗ និងជាសហអ្នកនិពន្ធសៀវភៅ «ស្នាមញញឹមខ្មែរ» បានលើកឡើងថា ចំណងជើងសៀវភៅនេះត្រូវបានបង្កើតឡើងស្របតាមទិសស្លោកនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញពីការស្វាគមន៍យ៉ាងរាក់ទាក់ និងរស់រវើករបស់ប្រជាជនខ្មែរ។ លោកបានបញ្ជាក់ថា ក្រៅពីន័យចំ សៀវភៅនេះមានន័យធៀបជំរុញការយល់ដឹងពីអត្តសញ្ញាណជាតិខ្មែរយ៉ាងស៊ីជម្រៅ ដូចជា ម្ហូបអាហារបុរាណ (ប្រហុក) ម្រេចកំពត ដើមត្នោត និងកីឡាដូនតា (គុនល្បុក្កតោ) ជាដើម។ បន្ថែមពីនេះ លោកបានរំលេចពីលក្ខណៈពិសេសនៃ «រាជធានីចតុមុខ» ឬភ្នំពេញថាជា «រាជធានីគង្គារ» ដែលឆ្លុះបញ្ចាំងពីបរិបទប្រវត្តិសាស្ត្រ ៤ ដំណាក់កាល រួមមាន៖ មុនសម័យអាណានិគមបារាំង សម័យអាណានិគមបារាំង ក្រោយសម័យអាណានិគមបារាំង និងសម័យបច្ចុប្បន្ន។ លោកជឿជាក់ថា សៀវភៅនេះនឹងធ្វើឱ្យមិត្តភក្តិនិយាយភាសាបារាំងសប្បាយចិត្ត និងផ្តល់ស្នាមញញឹមត្រឡប់មកកម្ពុជាវិញ តាមរយៈការយល់ដឹងពីវប្បធម៌ និងប្រវត្តិសាស្ត្រ។
លោក Pascal Medeville អ្នកបកប្រែ អ្នកស្រាវជ្រាវសង្គមចិន-ខ្មែរ និងជាសហអ្នកនិពន្ធ បានចែករំលែកបទពិសោធន៍នៃការរស់នៅក្នុងប្រទេសកម្ពុជារយៈពេល ១៧ ឆ្នាំ ដោយលោកបានបញ្ជាក់ថា ជនបរទេសភាគច្រើនស្គាល់កម្ពុជាត្រឹមតែប្រាសាទបុរាណ ធម្មជាតិ ឬតំបន់កោះ ប៉ុន្តែមិនទាន់បានស្គាល់ពីជម្រៅនៃប្រទេសនេះនៅឡើយទេ។ ការចូលរួមសរសេរសៀវភៅនេះឡើង គឺដើម្បីចែករំលែកនូវទស្សនៈ ឬជ្រុងមើលរបស់លោកទៅកាន់មិត្តភក្តិនិយាយភាសាបារាំង ដោយផ្តោតលើស្នាដៃរបស់មនុស្ស ធនធានធម្មជាតិ (ដូចជា ផ្ការំដួល និងដើមត្នោត) មុខម្ហូបខ្មែរចម្រុះ ភាពសម្បូរបែបនៃជនជាតិភាគតិច សាសនា (ពុទ្ធសាសនា អ៊ីស្លាម និងគ្រិស្ត) ព្រមទាំងរបៀបរបបរស់នៅ និងសម្បត្តិវប្បធម៌ដូចជា ក្រមា។ លោកជឿជាក់ថា ការអប់រំ និងការយល់ដឹងតាមរយៈសៀវភៅនេះ នឹងក្លាយជាស្ពានចងភ្ជាប់ទំនាក់ទំនង និងស្នាមញញឹមរវាងប្រជាជនកម្ពុជា និងពិភពលោក។
លោក វន សំភាស់ ប្រធានអង្គការ អ័ក្សសិន អេឌ្យូខេសិន (Action Education) បានគូសបញ្ជាក់ថា អង្គការរបស់លោកបានបន្តសហការ និងគាំទ្រដល់ការរៀបចំសៀវភៅនេះ ដោយសារតែមានជំនឿយ៉ាងមុតមាំថា «អ្វីៗទាំងអស់គឺផ្តើមចេញពីការអប់រំ»។ លោកបានបន្ថែមថា គោលបំណងធំបំផុតគឺការកសាង «មុខមាត់កម្ពុជា» តាមរយៈស្នាមញញឹម ដើម្បីឱ្យប្រតិភូបរទេស អ្នកវិនិយោគ ភ្ញៀវទេសចរ និងម្ចាស់ជំនួយទទួលបាននូវបដិសណ្ឋារកិច្ច និងសេវាកម្មដ៏កក់ក្តៅតាំងពីពេលមកដល់ រហូតដល់ត្រឡប់ទៅវិញ។ លោកបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះគម្របសៀវភៅ ដែលមានរូបរចនា «ស្នាមញញឹមនៃប្រាសាទបាយ័ន» ជាប្រភពនិមិត្តរូបនៃការចងចាំ និងជាចំណងទាក់ទាញឱ្យពួកគេត្រឡប់មកទស្សនា ឬវិនិយោគនៅកម្ពុជាជាថ្មី។
លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា (SIPA) បានសង្កត់ធ្ងន់ពីកម្រិតសំខាន់នៃព្រឹត្តិការណ៍នេះ ដោយលោកលើកឡើងថា កម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ ថ្នាក់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី មកពីជិត ៩០ ប្រទេស/គណៈប្រតិភូ (រួមទាំងសមាជិកពេញសិទ្ធិ បម្រុង និងសង្កេតការណ៍)។ លោកបានគូសបញ្ជាក់ថា នេះជាឱកាសដ៏កម្រ និងមានតែមួយគត់ដែលមិនងាយនឹងកើតឡើង ដោយសារតែការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីម្តងទៀត អាចត្រូវរង់ចាំរហូតដល់ជាង ៣០ ឆ្នាំខាងមុខ។ អង្គការស៊ីប៉ាបានចូលរួមចំណែកយ៉ាងសកម្មលើផ្នែកបច្ចេកទេសរៀបចំពុម្ព ការរចនាក្រប និងការកែសម្រួលដើម្បីឱ្យសៀវភៅនេះមានលក្ខណៈវិជ្ជាជីវៈខ្ពស់ ក្នុងគោលបំណងលើកស្ទួយវិស័យវប្បធម៌ និងប្រវត្តិសាស្ត្រជាតិលើឆាកអន្តរជាតិ។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនាមជាអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានសម្រេចរៀបចំសៀវភៅ «ស្នាមញញឹមខ្មែរ» ចំនួន ៣ ០០០ ក្បាល រួមជាមួយកញ្ចប់ព័ត៌មាន (Press Kit) និងកាដូអនុស្សាវរីយ៍ផ្សេងៗ ដើម្បីចែកជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ដែលអញ្ជើញមកយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងគោលបំណងបង្កើនការយល់ដឹង និងផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិខ្មែរទៅកាន់សកលលោក៕

