កិច្ចប្រជុំបិទទ្វារថ្ងៃទី១ រវាងគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយតំណាងកម្ពុជា និងថៃ ត្រូវបានបិទបញ្ចប់ទៅដោយរលូនកាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាធារណរដ្ឋសិង្ហបុរី ក្រោមការដឹកនាំរបស់លោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា។

បេសកកម្មប្រវត្តិសាស្ត្រក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារកម្ពុជា ព្រមទាំង ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជាភ្នាក់ងាររង រួមជាមួយក្រុមអ្នកច្បាប់ និងអ្នកជំនាញអន្តរជាតិជាច្រើនរូប។

ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឺងម៉ាត់ថា ការការពារសិទ្ធិ និងផលប្រយោជន៍ជាតិ ត្រូវធ្វើឡើងដោយភាពរឹងមាំ ការទទួលខុសត្រូវ និងគោរពច្បាប់អន្តរជាតិ។

ការជ្រើសរើសយន្តការផ្សះផ្សាក្រោម UNCLOS បញ្ជាក់ច្បាស់ពីអាទិភាពរបស់កម្ពុជាលើសន្តិភាព ការសន្ទនា ការទូត និងដំណោះស្រាយផ្អែកលើច្បាប់ ពីព្រោះការជ្រើសរើសផ្លូវសន្តិភាពមិនមែនជាភាពទន់ខ្សោយឡើយ ហើយការការពារផលប្រយោជន៍ជាតិដោយច្បាប់ គឺជាការការពារដោយគោលការណ៍ ភស្តុតាង និងសេចក្តីថ្លៃថ្នូរជាសកល។

នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សុន្ទរកថាបើកនឹងត្រូវធ្វើឡើងជាសាធារណៈ និងផ្សាយបន្តផ្ទាល់ ដើម្បីផ្តល់ឱកាសឱ្យកម្ពុជាបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាចង់បានសន្តិភាពដែលឈរលើច្បាប់ ការសន្ទនាដែលគោរពសិទ្ធិស្របច្បាប់ និងដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរភាព។

ក្នុងពេលវេលាដ៏មានសារៈសំខាន់នេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូបសូមផ្ញើនូវកម្លាំងចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ព្រមទាំងគណៈប្រតិភូ ក្រុមអ្នកច្បាប់ និងអ្នកជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏មានតម្លៃបំផុតសម្រាប់ជាតិ។ កម្ពុជាជ្រើសរើសសន្តិភាព កម្ពុជាជឿលើច្បាប់អន្តរជាតិ និងបន្តការពារសិទ្ធិ ព្រមទាំងផលប្រយោជន៍ជាតិដោយភាពរឹងមាំ និងសេចក្តីថ្លៃថ្នូរបំផុត៕

Share.