ក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងប្រទេសសិង្ហបុរី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា បានថ្លែងសេចក្តីថ្លែងការណ៍បើកដោយបានលើកឡើងយ៉ាងច្បាស់អំពីគោលបំណងចម្បងៗចំនួន ៣ របស់កម្ពុជា ក្នុងគោលដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី និងទាមទារផលប្រយោជន៍ស្របច្បាប់ជូនប្រជាជាតិទាំងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលបំណងចម្បងទី១ របស់កម្ពុជា គឺការសម្រេចឲ្យបាននូវសន្ធិសញ្ញាខណ្ឌសីមាព្រំដែនសមុទ្ររួមមួយ (Single, all-purpose maritime boundary) ជាមួយភាគីថៃ ស្របតាមច្បាប់អន្តរជាតិ ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមក្នុងតំបន់។ ទន្ទឹមនឹងនេះ ប្រសិនបើមិនទាន់អាចឈានដល់ការខណ្ឌសីមាព្រំដែនសមុទ្រជាស្ថាពរបានទេ កម្ពុជាបានដាក់ចេញនូវជម្រើសជំនួសជាគោលបំណងទី២ ដោយត្រៀមខ្លួនជាស្រេចក្នុងការចុះកិច្ចព្រមព្រៀងជាមួយថៃ លើការអភិវឌ្ឍរួមគ្នា (Joint Development Arrangement) និងការបែងចែកផលប្រយោជន៍ធនធានសមុទ្រដោយសមធម៌ជាបណ្តោះអាសន្ន។

លើសពីនេះ ឯកឧត្ដម ប្រាក់ សុខុន បានបន្ថែមនូវគោលបំណងទី៣ ដែលជាវិធានការចុងក្រោយថា ប្រសិនបើភាគីទាំងពីរមិនអាចសម្រេចបានទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រ ឬកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នានោះទេ កម្ពុជានឹងស្នើឲ្យគណៈកម្មការផ្សះផ្សា រៀបចំរបាយការណ៍រួមមួយ ដែលមានអនុសាសន៍ជាក់លាក់ជូនភាគីទាំងពីរ ដើម្បីយកទៅធ្វើជាមូលដ្ឋានក្នុងការបញ្ចប់វិវាទ និងឈានទៅសម្រេចកិច្ចព្រមព្រៀងនាពេលអនាគត ដែលអនុលោមតាមកាតព្វកិច្ចនៃអនុសញ្ញា UNCLOS យ៉ាងខ្ជាប់ខ្ជួន៕

Share.