ថ្មីៗ មាន​ការ​ចាប់​អារម្មណ៍​ និង​វែកញែក​លើ​បណ្ដាញ​​សង្គម​ជុំវិញ​ការ​តែងតាំង​លោក​អនុសេនីយ៍ត្រី លី ឈុនហៀង ជា​នាយ​ប៉ុស្តិ៍​​នគរបាល​ និង​កញ្ញា​ព្រិន្ទបាលទោ​ ដួង​ សៀម៉ី ជា​រង​ប៉ុស្តិ៍​នគរបាល ក្នុង​ទឹកដី​ខណ្ឌកំបូល​ រាជធានី​ភ្នំពេញ។

ជុំ​វិញ​បញ្ហា​នេះ​លោក ទូច សុខៈ (សុឃៈ) អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ បាន​ផ្តល់​កិច្ចសម្ភាសន៍​មក​សារព័ត៌មាន​ត្រយង ថា៖«ការ​តែងតាំង​មុខ​តំណែង​នាយ-រងផ្នែក នាយ-រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ជា​សិទ្ធិ​សម្រេច​ប្រកប​ដោយ​សុភវិនិច្ឆ័យ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ តាម​រយៈ​ការ​ស្នើឡើង​ពី​អង្គភាព​នគរបាល​ថ្នាក់​ក្រោម​ជាតិ​តាម​ឋានានុក្រម គឺ​ តាំង​ពី​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សាមី រហូត​មក​ដល់​ស្នងការដ្ឋាន​រាជធានី-ខេត្ត និង​ចុងក្រោយ​គឺ​អគ្គស្នងការដ្ឋាន»។

លោក​ថា​ការ​តែងតាំង​នេះ​​គឺ៖«ទាមទារ​ការ​បំពេញ​បាន​នូវ​លក្ខណសម្បត្តិ​ផ្អែក​លើ​គុណាធិបតេយ្យ តម្រូវ​ការ​ចំាបាច់​ចំពោះ​មុខ​ទាំង​កម្លាំង និងជំនាញ ក៏​ដូចជា​ស្ថានភាព​ជាក់​ស្ដែង​នៃ​អង្គភាព​សាមី​ គឺ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​នោះ ពិសេសការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល និង​បទល្មើស​តាម​បច្ចេកវិទ្យា​នេះ»។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ ទូច សុខៈ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ចាប់​អារម្មណ៍​និង​គាំទ្រ​ចំពោះ​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​បន្ត​វេន កាន់​មុខ​តំណែង​ជា​នាយ​ប៉ុស្ដិ៍​និង​នាយរងប៉ុស្ដិ៍ ក៏​ដូចជា​មុខ​តំណែង​ផ្សេងៗ។

អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ បាន​​បន្ថែម​ថា៖«តែ​ទោះ​យ៉ាង​ណា យើង​ក៏​នឹង​តាម​ដាន ពិនិត្យ រាល់ព័ត៌មាន មតិមហាជន ស្រប​នឹង​ការ​សង្ឃឹម​ថា សាធារណជន​នឹង​គាំទ្រ លើកទឹកចិត្ត ដល់​អ្នក​បន្ត​វេន ក្នុង​លក្ខខណ្ឌ ដូច​ដែល​ខ្ញុំ​បាន​លើក​ខាង​លើ,កុំឱ្យ​ផ្ទុយ​ពី​នេះ»។

លោក ទូច សុខៈ យល់​ថា៖«ទន្ទឹម​នឹង​នេះ​ដែរ ក៏​ត្រូវ​មាន​ប្រព័ន្ធ​វាយ​តម្លៃ​លើ​ការ​កាន់​មុខ​តំណែង​ទាំង​នេះ ក្នុង​រយៈពេល​កំណត់​ជាក់​លាក់​មួយ​ដែរ ដើម្បី​ប្រាកដ​ថា ពួក​គេ​បំពេញ​តួនាទី​ភារកិច្ច​ប្រកប​ដោយ​ប្រសិទ្ធភាព ស័ក្តិ​សិទ្ធភាព ប្រសិទ្ធ​ផល គុណ​ផល ប្រកប​ដោយ​គណនេយ្យភាព​ចំពោះ​ប្រជា​ពលរដ្ឋ និង​អង្គភាព​អាណាព្យាបាល»៕

Share.