ល្ខោនស្រមោលស្បែកធំត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០។ ល្ខោនស្រមោលស្បែកធំ មានដើមកំណើតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាតាំងពីសម័យមុនអង្គរនៅក្នុងសតវត្សរ៍ទី៩។
បើតាមឯកសារប្រភពនៃល្ខោនស្បែកខ្មែររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងទៀតថា ល្ខោនស្បែកធំនេះ គេឃើញមានការសម្តែងក្នុងពិធីបុណ្យធំៗ ដូចជាការបួងសួងសុំសេចក្តីប្រាថ្នាអ្វីមួយ ពិធីបុណ្យសពព្រះចៅអធិការវត្តដែលសុគត ពិធីបុណ្យសុំទឹកភ្លៀង បុណ្យចំរើនព្រះជន្មាយុរបស់ព្រះមហាក្សត្រ ដោយមានមហាជនច្រើនកុះករចូលរួម ។
ល្ខោនស្បែកធំ ឬល្ខោនសម្រោលស្បែកធំ ជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។ ល្ខោនស្បែកធំ គឺជាសិល្បៈមួយមានប្រវត្តិនៅពេលព្រហ្មសាសនាចូលមកទឹកដីខ្មែរ។
ការសម្ដែងរបាំស្បែកដ៏មហាអស្ចារ្យមួយនេះ កាលពីសម័យមុន គេប្រើភ្នក់ភ្លើងគប់ ដើម្បីបញ្ចាំងសម្រោលរបស់ស្បែកនៅលើផ្ទាំងសំពត់ស។ ការសម្ដែងល្ខោននេះ ចាំបាច់ត្រូវព្រមសម្ដែងជាមួយឧបករណ៍ភ្លេងខ្មែរ វង់ភ្លេងពិណពាទ្យ ដើម្បីប្រគុំ និងពោលដំណើរនៃសាច់រឿង។ រឿងភាគច្រើនដែលគេលើកយកមកសម្ដែង គឺរឿង រាមកេរ្ដ៍។
សូមជម្រាបថា ល្ខោនស្បែកនេះបានឆ្លុះបង្ហាញអំពីសតិប្រាជ្ញាដ៏ភ្លឺស្វាង និងគំនិតច្នៃប្រឌិតដ៏កំពូលរបស់ដូនតាខ្មែរ ដែលបង្កើតសិល្បៈនេះឡើងឱ្យក្លាយទៅជាទស្សនីយភាពមួយដ៏អស្ចារ្យ ៕