សារព័ត៌មាន Utusan Malaysia បានរាយការណ៍ពីខេត្តណារ៉ាធិវ៉ាត់ ដោយផ្អែកលើបទសម្ភាសន៍ជាមួយអតីតមេដឹកនាំជាន់ខ្ពស់ម្នាក់នៃចលនាតស៊ូ BRN (Barisan Revolusi Nasional) កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា ប្រសិនបើរដ្ឋាភិបាលថៃបដិសេធសំណើ «ស្វ័យភាពពេញលេញ» សម្រាប់ខេត្តភាគខាងត្បូង រួមមាន ខេត្តណារ៉ាធិវ៉ាត់ ខេត្តប៉ាត់តានី និងខេត្តយ៉ាឡា នោះចលនានេះអាចនឹងត្រឡប់ទៅប្រកាន់យកគោលដៅដើមនៃការទាមទារឯករាជ្យ និងការតស៊ូប្រដាប់អាវុធឡើងវិញ។

អតីតមេដឹកនាំរូបនេះ មិនត្រូវបានបញ្ចេញឈ្មោះនោះទេ និងបានបញ្ជាក់ថា កន្លងមក BRN ធ្លាប់បានយល់ព្រមបន្ថយពាក្យទាមទារពី «ការបំបែករដ្ឋឯករាជ្យ» មកត្រឹម «ស្វ័យភាពពេញលេញ» ដើម្បីធ្វើជាមូលដ្ឋានស្វែងរកដំណោះស្រាយសន្តិភាពរយៈពេលវែង។ ប៉ុន្តែ ប្រសិនបើភាគីថៃបដិសេធជាចំហ នោះ BRN គ្មានជម្រើសអ្វីក្រៅពីត្រឡប់ទៅរកទម្រង់ដើមឡើយ ដោយលោកបានប្រើពាក្យសម្តីប្រកបដោយមនោគមវិជ្ជាតឹងរ៉ឹងថា ៖ «រស់នៅដោយមានកិត្តិយស ឬក្លាយជាអ្នកពលី»។

សម្រាប់ជំហរភាគីថៃ លោក Thanat Suwannanon ប្រធានក្រុមការងារពិភាក្សាសន្តិភាពភាគខាងត្បូងរបស់ថៃ បានថ្លែងកាលពីពេលថ្មីៗនេះថា ភាគីថៃមិនទទួលយកគំនិតបំបែកដែនដី ឬការបង្កើតតំបន់ស្វ័យភាពដែលផ្តាច់ចេញពីរចនាសម្ព័ន្ធរដ្ឋដើមនោះទេ ប៉ុន្តែប្រកាសត្រៀមខ្លួនពិភាក្សាលើទម្រង់គ្រប់គ្រងតំបន់ក្នុងលក្ខណៈសមស្របផ្សេងទៀត។

ប៉ុន្តែអតីតមេដឹកនាំ BRN រូបនេះបានរិះគន់ថា ថៃមិនគួរបដិសេធរឿងស្វ័យភាពតាមរយៈការថ្លែងការណ៍សាធារណៈឡើយ ប៉ុន្តែត្រូវយកមកជជែកលើតុចរចា។ លោកបានប្រៀបធៀបថា ការមិនដោះស្រាយឫសគល់នៃបញ្ហា គឺដូចជាការប្រៀបដូចជាការព្យាបាលតែរោគសញ្ញា ៖ «បើមានស្វ័យភាព បញ្ហាបញ្ចប់។ បើគ្មានទេ គឺត្រឡប់ទៅរកការតស៊ូដើមដើម្បីឯករាជ្យ»។

អតីតមេដឹកនាំ BRN រូបនេះបានអះអាងបន្ថែមថា កាលពីថ្ងៃសុក្រសប្តាហ៍មុន រូបលោកបានជួបប្រជុំជាមួយតំណាងរបស់លោក អនុទិន នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកួរឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីស្ថានការណ៍សន្តិសុខ និងដំណើរការសន្តិភាព។ លោកបានបញ្ជាក់ថា ភាគីថៃជាអ្នកស្នើជួប ហើយនៅពេលលោកចោទសួរថា តើការផ្តល់ស្វ័យភាពមានកំហុសត្រង់ណា? គឺពុំទទួលបានចម្លើយច្បាស់លាស់ពីភាគីថៃនោះឡើយ។

ទោះជាយ៉ាងណា សារព័ត៌មាន Utusan Malaysia បានបញ្ជាក់ថា ព័ត៌មានទាំងអស់ស្តីពីជំហររបស់ BRN ការត្រៀមត្រឡប់ទៅរកការតស៊ូប្រដាប់អាវុធ ព្រមទាំងជំនួបសម្ងាត់ជាមួយតំណាងនាយករដ្ឋមន្ត្រីថៃ គ្រាន់តែជា ការអះអាងឯកតោភាគីរបស់អតីតមេដឹកនាំរូបនេះប៉ុណ្ណោះ ដោយពុំទាន់មានការបញ្ជាក់ផ្លូវការណាមួយពីរដ្ឋាភិបាលថៃ នាយករដ្ឋមន្ត្រី ឬក្រុមចរចាថៃនៅឡើយទេ។ លើសពីនេះ សាររបស់អតីតមេដឹកនាំរូបនេះក៏មិនទាន់អាចតំណាងឱ្យជំហរផ្លូវការរបស់អង្គការ BRN ទាំងមូលបានដែរ ដរាបណាគ្មានការបញ្ជាក់ជាផ្លូវការពីក្រុមប្រឹក្សាដឹកនាំ BRN។

ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីគម្លាតដ៏ធំ រវាងក្របខ័ណ្ឌរដ្ឋាភិបាលថៃដែលចង់បានត្រឹម «ទម្រង់រដ្ឋបាលសមស្របក្រោមរដ្ឋធម្មនុញ្ញថៃ» និងការទាមទាររបស់បណ្តាញ BRN ដែលនៅតែរុញច្រានគំនិត «ស្វ័យភាពកម្រិតខ្ពស់» រហូតដល់ការតស៊ូទាមទារឯករាជ្យ៕

Share.