កោះកុង៖ តាមកាមេរ៉ាស្វ័យប្រវត្តិបានកត់ត្រាវត្តមានសត្វកម្រជិតផុតពូជចំនួន៣ប្រភេទ ជាលើកដំបូងនៅក្នុងតំបន់ការពារ និងអភិរក្សនៃភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង ខណៈការរកឃើញនេះត្រូវបានចាត់ទុកថា ជាភស្តុតាងថ្មីមួយបង្ហាញពីសារៈសំខាន់នៃតំបន់ធម្មជាតិ និងដីសើមនៅតំបន់នេះ។

តាមរូបភាព និងវីដេអូរបស់សត្វទាំង៣ប្រភេទនេះរួមមាន សត្វក្តាន់ សត្វសំពោចធំ និងសត្វភេរោមច្រមុះ ដែលត្រូវបានថតបានក្នុងអំឡុងការស្រាវជ្រាវដោយប្រើកាមេរ៉ាស្វ័យប្រវត្តិ ពីចន្លោះខែតុលា ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវតាមរយៈកាមេរ៉ាស្វ័យប្រវត្តិនៅតំបន់នោះ ដែលជាកិច្ចសហការរួមគ្នារវាងអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេន ធើប្រាយ ខូ អិល ធី ឌី (FCEE) និងអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)។

ក្នុងចំណោមសត្វទាំង៣ប្រភេទនេះ សត្វភេរោមច្រមុះ គឺជាប្រភេទសត្វកម្រខ្លាំង ដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយចំនួនប្រជាជនរបស់វានៅក្នុងធម្មជាតិនៅមិនទាន់មានទិន្នន័យច្បាស់លាស់នៅឡើយ ខណៈសត្វប្រភេទនេះ ប្រឈមនឹងការគំរាមកំហែងពីការបាត់បង់ជម្រក ការបំពុល និងការប្រមាញ់ខុសច្បាប់។ ចំណែក សត្វសំពោចធំ ក៏កំពុងប្រឈមនឹងការថយចុះចំនួននៅទូទាំងពិភពលោក ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងកំណត់ត្រានៅស្រែអំបិល គឺកាមេរ៉ាបានថតឃើញសត្វប្រភេទនេះជាគ្រួសារ ដែលមានមេ១ក្បាល និងកូន២ក្បាល។ កំណត់ត្រាដំបូងទាំងនេះ គឺជាសញ្ញាលើកទឹកចិត្តដល់ការអភិរក្សប្រភេទសត្វក្នុងចំណោមប្រភេទសត្វថនិកសត្វថ្នាក់ ធំដែលរងការគំរាមកំហែងនៅតំបន់ឥណ្ឌូចិន។ នៅ

សម្រាប់ សត្វក្តាន់ ត្រូវបានគេរកឃើញជាថ្មីនៅខេត្តក្រចេះ ក្នុងឆ្នាំ២០០៦ ដូច្នេះភស្តុតាងនៃវត្តមានជាថ្មីរបស់សត្វប្រភេទនេះគឺជាព័ត៌មានដ៏គួរឲ្យរំភើបរីករាយ។ ការរកឃើញសត្វកម្រទាំង៣ប្រភេទនេះ កើតឡើងនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នៃស្រុកស្រែអំបិល ដែលជាតំបន់ដីសើមតាមឆ្នេរសមុទ្រ មានប្រព័ន្ធព្រែក ព្រៃកោងកាង និងជម្រកធម្មជាតិផ្សេងៗ ដែលផ្តល់ទីជម្រកដល់សត្វព្រៃ និងជីវៈចម្រុះជាច្រើនប្រភេទ។ ក្រុមអ្នកស្រាវជ្រាវបានចាត់ទុកកំណត់ត្រាថ្មីនេះថា ជាសញ្ញាវិជ្ជមានសម្រាប់ការអភិរក្សជីវៈចម្រុះ ខណៈការរកឃើញសត្វដែលកម្រឃើញ និងជិតផុតពូជ តាមរយៈកាមេរ៉ាស្វ័យប្រវត្តិ ក៏បានផ្តល់ទិន្នន័យសំខាន់សម្រាប់ការរៀបចំផែនការការពារ និងគ្រប់គ្រងជម្រកធម្មជាតិនៅតំបន់ស្រែអំបិលផងដែរ។
ក្រសួងបរិស្ថានបានបញ្ជាក់ថា ការដាក់កាមេរ៉ាស្វ័យប្រវត្តិធ្វើឡើងក្រោមកិច្ចសហការរបស់ស្ថាប័នជំនាញ អង្គការអភិរក្ស សហគមន៍តំបន់ការពារ និងប្រជាសហគមន៍នេសាទក្នុងមូលដ្ឋាន ដើម្បីបន្តតាមដានសត្វព្រៃ និងសិក្សាពីជីវៈចម្រុះនៅក្នុងតំបន់៕




