ការបំបែកបណ្តាញលួចលាក់ចាក់ និងលាយថ្នាំហឺត Salbutamol ក្នុងចំណីគោជិត ១.០០០ក្បាល នៅតាមកសិដ្ឋានក្នុងខេត្តចំនួន ៥ នៅប្រទេសថៃ បានទម្លាយឱ្យឃើញពីភាពអសមត្ថភាព និងភាពធូររលុងយ៉ាងខ្លាំងនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងការអនុវត្តច្បាប់យ៉ាងច្បាស់ក្រឡែត។ ទោះបីជាអាជ្ញាធរថៃព្យាយាមអួតអាងពីកិច្ចប្រតិបត្តិការដ៏ធំសម្បើម និងការរឹបអូសឧបករណ៍តម្លៃរាប់សិបលានបាតក៏ដោយ ប៉ុន្តែការពិតដែលថា ការស៊ើបអង្កេតនេះត្រូវចំណាយពេលយូររហូតដល់ទៅ ៨ ខែ គឺជារឿងគួរឱ្យអាម៉ាស់បំផុត។ ភាពយឺតយ៉ាវនេះបានបើកដៃឱ្យសាច់គោមានជាតិពុលរាប់តោន ហូរចូលទៅបំផ្លាញសុខភាពប្រជាពលរដ្ឋដោយរលូន ព្រោះរហូតមកទល់ពេលនេះ អាជ្ញាធរខ្លួនឯងក៏មិនហ៊ានចេញមុខទទួលខុសត្រូវ ឬដឹងច្បាស់ដែរថា តើមានពលរដ្ឋប៉ុន្មាននាក់រួចទៅហើយដែលបានបរិភោគសាច់នេះចូលទៅក្នុងខ្លួន។

សារធាតុនេះជាធម្មតា គេប្រើប្រាស់សម្រាប់សម្រួលដល់ការដកដង្ហើមដល់មនុស្ស ដោយសារវាជួយបន្ធូរភាពតានតឹងនៃសាច់ដុំនៅក្នុងផ្លូវដង្ហើម ប៉ុន្ដែវាក៏អាចបង្កគ្រោះថ្នាក់បានដែរប្រសិនបើប្រាស់ប្រាស់គ្មានវិជ្ជបញ្ជាត្រឹមត្រូវ។ ដោយឡែក ប្លែកអីតែនៅថៃ បែរជាលាយសារធាតុថ្នាំហឺតនេះចូលទៅក្នុងចំណីគោ ដើម្បីជួយពង្រីកសាច់ដុំ និងកាត់បន្ថយខ្លាញ់នៅក្នុងខ្លួនគោ ដែលកំពុងចិញ្ចឹមយកសាច់។ ការធ្វើបែបនេះ ត្រូវបានអ្នកជំនាញយល់ថា ធ្វើដើម្បីឱ្យសាច់គោមើលទៅមានសាច់ច្រើន ស្អាត និងមានទម្ងន់ធ្ងន់ ដែលអាចតំឡើងថ្លៃលក់បានខ្ពស់ជាងមុន ក្នុងបំណងស្វែងរកប្រាក់ចំណេញបន្ថែមពីកសិដ្ឋាន។

មែនទែនទៅការបណ្តែតបណ្តោយឱ្យសារធាតុ Salbutamol ជ្រាបចូលទៅក្នុងទីផ្សារ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងដោយផ្ទាល់ទៅលើសុខភាពសាធារណៈ ដោយសារធាតុគីមីដែលសល់នៅក្នុងសាច់គោនេះអាចបង្កឱ្យមានអាការៈបេះដូងលោតខុសចង្វាក់ ញ័រដៃ វិលមុខ និងអាចឈានទៅដល់ការបាត់បង់ជីវិតទៀតផង ជាពិសេសចំពោះក្រុមមនុស្សដែលងាយរងគ្រោះដូចជា ស្ត្រីមានផ្ទៃពោះ កុមារ និងអ្នកមានជំងឺប្រចាំកាយ។ លើសពីនេះ បាតុភូតនេះបានឆ្លុះបញ្ចាំងពីភាពធូររលុង និងយន្តការបង្ក្រាបដែលមានលក្ខណៈ «បង្ក្រាបកន្លែងណា រត់ទៅកន្លែងនោះ» ពីព្រោះនៅពេលដែលអាជ្ញាធររឹតបន្តឹងការប្រើប្រាស់ថ្នាំនេះលើកសិដ្ឋានជ្រូក ក្រុមខិលខូចបានផ្លាស់ប្តូរទិសដៅមកបំពុលកសិដ្ឋានចិញ្ចឹមគោជំនួសវិញ ដោយគ្មានការទប់ស្កាត់បានទាន់ពេលវេលាឡើយ។


ទង្វើអាត្មានិយមរបស់ជនខិលខូចក្នុងការស្វែងរកប្រាក់ចំណេញដោយគ្មានក្រមសីលធម៌បែបនេះ មិនត្រឹមតែបំផ្លាញកេរ្តិ៍ឈ្មោះនៃផលិតផលសាច់សត្វនាំចេញរបស់ថៃ នៅលើឆាកអន្តរជាតិ និងជះឥទ្ធិពលអាក្រក់ដល់កសិករស្មោះត្រង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីចន្លោះប្រហោងធំធេងនៃប្រព័ន្ធត្រួតពិនិត្យថ្នាក់ជាតិ។ ចំណែកការដែលអាជ្ញាធរគ្រាន់តែអំពាវនាវឱ្យប្រជាជនស្វែងរកទិញសាច់ដែលមានសញ្ញាសម្គាល់ «Livestock OK» ប្រៀបដូចជាការទម្លាក់បន្ទុកនៃការប្រុងប្រយ័ត្នទៅលើខ្នងអ្នកបរិភោគ ខណៈដែលប្រភពដើមនៃការរត់ពន្ធ និងការលួចផលិតគីមីបំពុលនៅតែបន្តកើតមានយ៉ាងរ៉ាំរ៉ៃដដែល៕

