ដំណើរការផ្សះផ្សាជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងថៃ ជុំវិញបញ្ហាព្រំដែនសមុទ្រ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ត្រូវបានគ្រោងថានឹងបញ្ចប់ជាស្ថាពរនៅត្រឹមចុងខែឧសភា ឬខែកក្កដា ឆ្នាំ២០២៧ ខាងមុខនេះ បន្ទាប់ពីភាគីទាំងពីរត្រូវឆ្លងកាត់ជំនួបប្រជុំជាបន្តបន្ទាប់សរុបចំនួន ៧ លើក ជាមួយគណៈកម្មការផ្សះផ្សាអន្តរជាតិ។

ការកំណត់កាលវិភាគការងារយ៉ាងច្បាស់លាស់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកដំបូងរយៈពេល ៣ ថ្ងៃ នៅប្រទេសសិង្ហបុរី បានបញ្ចប់ទៅដោយទទួលបានលទ្ធផលជាផ្លែផ្កា និងស្មារតីសហប្រតិបត្តិការខ្ពស់។ ក្នុងសេចក្តីរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ នៅប្រទេសសិង្ហបុរីនេះ ឯកឧត្តម ប្រាក់ សុខុន តំណាងជាន់ខ្ពស់ភាគីកម្ពុជា បានឱ្យដឹងថា គណៈកម្មការផ្សះផ្សាដែលមានសមាសភាពជាអ្នកច្បាប់ និងអ្នកទូតអន្តរជាតិល្បីៗចំនួន ៥ រូប បានបង្ហាញនូវសុឆន្ទៈ និងជំនាញខ្ពស់ ដោយបានរៀបចំកម្មវិធីការងារយ៉ាងហ្មត់ចត់ ដើម្បីរុញច្រានដំណើរការដោះស្រាយឱ្យប្រព្រឹត្តទៅបានឆាប់រហ័សបំផុត។ តាមផែនការដែលបានព្រមព្រៀងគ្នា កិច្ចប្រជុំលើកទី២ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ហើយជំនួបជាបន្តបន្ទាប់នឹងត្រូវរៀបចំឡើងជាហូរហែនៅខែវិច្ឆិកា ២០២៦, ចុងខែមករា ឬកុម្ភៈ, ចុងខែមីនា, ខែមេសា និងឈានទៅបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៧ (ចុងខែឧសភា ឬខែកក្កដា)។
ការឈានទៅប្រកាសប្រើប្រាស់យន្តការផ្សះផ្សាអន្តរជាតិនេះ គឺធ្វើឡើងដើម្បីបង្កើតជាយន្តការស្របច្បាប់ថ្មីមួយជំនួសអនុស្សារណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ដែលត្រូវបានលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ដោយកម្ពុជាបានសម្តែងនូវជំហរច្បាស់លាស់ក្នុងការដោះស្រាយទំនាស់ព្រំដែនសមុទ្រដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ គោលបំណងសំខាន់របស់កម្ពុជាក្នុងដំណើរការនេះ រួមមាន ការស្វែងរកកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្រតែមួយ និងគ្រប់ជ្រុងជ្រោយ ប៉ុន្តែប្រសិនបើមិនទាន់អាចឯកភាពលើខ្សែព្រំដែនបានទេ ភាគីទាំងពីរអាចស្វែងរកកិច្ចព្រមព្រៀងធ្វើអាជីវកម្មរួមគ្នា (Joint Development) លើធនធានក្រោមបាតសមុទ្រដោយសមធម៌ ឬទុកឱ្យគណៈកម្មការផ្សះផ្សារៀបចំរបាយការណ៍ និងផ្តល់អនុសាសន៍ចង្អុលបង្ហាញផ្លូវដ៏ល្អបំផុតសម្រាប់យកទៅចរចាបន្ត។ ដើម្បីការពារផលប្រយោជន៍ជាតិឲ្យបានខ្ពង់ខ្ពស់បំផុត រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំក្រុមការងារអន្តរក្រសួងកម្រិតរដ្ឋមន្ត្រី រួមមាន រដ្ឋមន្ត្រីក្រសួងការបរទេស (ប្រធានក្រុមការងារ) ក្រសួងយុត្តិធម៌ គណៈកម្មាធិការព្រំដែន និងក្រសួងរ៉ែ និងថាមពល ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រុមមេធាវីអន្តរជាតិដឹកនាំដោយលោក Gavin MacLaren ដើម្បីរៀបចំភស្តុតាង និងទឡ្ហីករណ៍ច្បាប់យ៉ាងហ្មត់ចត់បំផុតសម្រាប់ដំណើរការក្តីនេះ៕

