គ្រោះមហន្តរាយធម្មជាតិកំពុងបន្តបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រទេសវៀតណាម ខណៈគ្រោះទឹកជំនន់ និងបាតុភូតបាក់ដីបានកើតឡើងព្រមៗគ្នានៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសបានជម្រុញឱ្យអាជ្ញាធរខេត្ត Lam Dong ត្រូវចេញសេចក្តីប្រកាសអាសន្នជាបន្ទាន់។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express កាលពីថ្ងៃទី២០ ខែកញ្ញា អាជ្ញាធរខេត្ត Lam Dong បានប្រកាសអាសន្នពីគ្រោះធម្មជាតិនៅក្នុងឃុំ Quang Son បន្ទាប់ពីបានរកឃើញស្នាមប្រេះដីធ្ងន់ធ្ងរនៅលើជម្រាលភ្នំប្រវែងប្រហែល ៣០០ម៉ែត្រ និងទទឹងចាប់ពី ៦ ទៅ ១៧សង់ទីម៉ែត្រ ដែលអាចបង្កការគំរាមកំហែងនូវការបាក់ដីទ្រង់ទ្រាយធំ។ ការចុះពិនិត្យជាក់ស្តែងដោយក្រុមជំនាញបង្ហាញថា បាតុភូតស្រុតដី និងស្នាមប្រេះដែលកើតចេញពីការរង្គោះរង្គើដោយសារព្យុះភ្លៀងនេះ បានគ្របដណ្តប់លើផ្ទៃដីរហូតដល់ទៅជាង ៤ហិកតា ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៧៩គ្រួសារ ឬស្មើនឹង ៤៥៤នាក់។

ចំពោះមុខសញ្ញាគ្រោះថ្នាក់នេះ អាជ្ញាធរមូលដ្ឋានបានចេញការព្រមានកម្រិតខ្ពស់ ដោយតម្រូវឱ្យអ្នកភូមិទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈរៀបចំអីវ៉ាន់ដើម្បីជម្លៀសចេញពីផ្ទះសម្បែងភ្លាមៗនៅពេលមានបញ្ជា។

ការប្រកាសអាសន្ននៅភាគខាងត្បូងឈៀងខាងកើតនេះ បានកើតឡើងក្នុងពេលដែលភាគខាងជើងនៃប្រទេសវៀតណាមកំពុងរងទុក្ខយ៉ាងទម្ងន់ដោយសារជំនន់ទឹកភ្លៀង ដែលបានពន្លិចផ្ទះសម្បែងរាប់ម៉ឺនខ្នង និងបានផ្តាច់ជីវិតមនុស្សអស់ ៣នាក់រួចទៅហើយ។

របាយការណ៍បូកសរុបនាចុងសប្តាហ៍មុនបានឱ្យដឹងថា តំបន់ជាច្រើនរួមមាន Thanh Hoa, Ninh Binh, រដ្ឋធានី Hanoi, Nghe An និង Phu Tho សុទ្ធសឹងតែបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះមានផ្ទះប្រជាពលរដ្ឋសរុប ១៦,៣១០ខ្នងត្រូវបាត់បង់ក្រោមទឹកជំនន់។ អ្វីដែលរឹតតែរន្ធត់នោះ គឺនៅក្នុងឃុំ Da Bac ខេត្ត Phu Tho គ្រោះបាក់ដីបានសម្លាប់មនុស្ស ៣ នាក់ភ្លាមៗ ព្រមទាំងបង្កជាជំនន់ឆាប់រហ័សហូរកាត់ផ្តាច់ផ្លូវធ្វើដំណើរ ដែលធ្វើឱ្យចរាចរណ៍នៅក្នុងតំបន់នោះត្រូវកាត់ផ្តាច់ទាំងស្រុង។

ក្រៅពីប៉ះពាល់ដល់អាយុជីវិត និងជម្រកស្នាក់នៅ វិស័យកសិកម្មនៅភាគខាងជើងទាំងមូលក៏ទទួលរងការខូចខាតយ៉ាងសន្ធឹកសន្ធាប់ផងដែរ។ ផ្ទៃដីស្រែ ដំណាំបន្លែ ផ្ទៃដីវារីវប្បកម្ម ត្រូវខូចខាត ប្រឡាយស្រោចស្រពរាប់ពាន់ម៉ែត្រត្រូវបាក់ស្រុត និងបាក់ច្រាំង ហើយគ្រឹះស្ថានសិក្សាមួយចំនួនក៏ត្រូវលិចលង់ក្នុងទឹក មិនអាចដំណើរការបង្រៀនបានឡើយ៕

ប្រភព៖ VN Express

Share.