តាមរយៈសារព័ត៌មានថៃបានចេញផ្សាយនាពេលថ្មីៗនេះបានឱ្យដឹងថា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អនុទិន ឆានវីរៈកុល បានបង្ហាញជំហរមិនរវើរវាយ និងប្រកាសបដិសេធចោលទាំងស្រុង ចំពោះការលើកឡើងថា រឿងអាស្រូវគប់គិតគ្នាក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលនឹងត្រូវគេយកមកធ្វើជាល្បិចកលនយោបាយ ដើម្បីកៀបសង្កត់លោកឱ្យចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ខណៈលោកទទូចថាគ្រប់យ៉ាងត្រូវតែដើរតាមផ្លូវច្បាប់ និងរដ្ឋធម្មនុញ្ញ។

ការថ្លែងសារនយោបាយយ៉ាងក្តៅគគុកនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅឯអាកាសយាន្តដ្ឋានយោធា ២ Don Mueang មុនពេលលោកនាយករដ្ឋមន្ត្រី អនុទិន ចាកចេញពីប្រទេសថៃ ដើម្បីទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញការព្រួយបារម្ភថា ករណីអាស្រូវគប់គិតគ្នាក្នុងព្រឹទ្ធសភា ដែលកំពុងបន្តរីករាលដាលពីគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប. ថៃ) ទៅកាន់ស្ថាប័នដទៃទៀត អាចនឹងត្រូវបក្សប្រឆាំង ឬក្រុមនយោបាយយកមកប្រើប្រាស់ជា «ល្បិចកលនយោបាយ» ដើម្បីបង្ខំឱ្យលោកចុះចេញពីកៅអីនាយករដ្ឋមន្ត្រីនោះ លោក អនុទិន បានបញ្ជាក់យ៉ាងដាច់អហង្ការថា៖ «គ្រប់យ៉ាងត្រូវតែប្រព្រឹត្តទៅតាមផ្លូវច្បាប់ បើច្បាប់ចែងយ៉ាងណាក៏ត្រូវតែធ្វើយ៉ាងនោះទៅ»។

លោកនាយករដ្ឋមន្ត្រីថៃ រូបនេះបានបន្ថែមថា ការប្រតិកម្មរហ័សទៅនឹងនយោបាយទាំងឡាយ ត្រូវតែស្ថិតនៅក្រោមក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ ព្រោះរដ្ឋធម្មនុញ្ញបានកំណត់យ៉ាងច្បាស់អំពីសមត្ថកិច្ចរបស់ស្ថាប័នឯករាជ្យ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ប្រសិនបើគ្រប់ភាគីទាំងអស់គោរព និងស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ នោះនឹងគ្មានបញ្ហាអ្វីកើតឡើងឡើយ។

ជាមួយគ្នានេះ ស្របពេលដែលមានការចោទសួរថា តើគណបក្សភូមិចៃថៃរបស់លោកបានវាយតម្លៃដែរឬទេថា ហេតុអ្វីបានជាសាធារណជននៅតែមិនជឿជាក់ថាគណបក្សរបស់លោកថាគ្មានផ្នែកពាក់ព័ន្ធក្នុងរឿងអាស្រូវព្រឹទ្ធសភានេះ លោក អនុទិន បានឆ្លើយតបដោយខ្លី និងគ្មានការស្ទាក់ស្ទើរថា លោកមិនបានវាយតម្លៃអ្វីទាំងអស់ ពីព្រោះគណបក្សភូមិចៃថៃមិនមានការពាក់ព័ន្ធណាមួយនៅក្នុងរឿងនេះឡើយ។

សូមរំលឹកថា រឿងអាស្រូវគប់គិតគ្នាក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភាថៃដែលកើតឡើងថ្មីនេះៗ គឺជាវិបត្តិនយោបាយ និងវិបត្តិផ្លូវច្បាប់ដ៏ក្តៅគគុកមួយ ដែលបានផ្ទុះឡើង បន្ទាប់ពីការជ្រើសរើសសមាជិកព្រឹទ្ធសភាឈុតថ្មីចំនួន ២២៩រូបកាលពីកណ្តាលឆ្នាំ២០២៤ កន្លងទៅ។ នៅពេលលទ្ធផលបោះឆ្នោតថ្នាក់ជាតិចេញមក គណៈបក្សប្រឆាំងនៅថៃសង្កេតឃើញថា សមាជិកព្រឹទ្ធសភាភាគច្រើនជាប់ឆ្នោតដ៏លើសលប់ គឺជាបុគ្គលដែលមានប្រវត្តិ ឬទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សភូមិចៃថៃ ព្រមទាំងជាប់ពាក់ព័ន្ធនឹងអំពើពុករលួចលើករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស៕

Share.