ឧត្តរមានជ័យ៖ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានចេញសេចក្តីបំភ្លឺជុំវិញការបង្ហោះព័ត៌មានលើផេកហ្វេសប៊ុកឈ្មោះ «Meach Sovannara» កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានលើកឡើងអំពីការកាត់ប្រាក់របស់កងទ័ពឈរជើងនៅតំបន់ថ្មជូន ក្នុងវរសេនាតូចលេខ៤៤៤ ចំណុះតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ក្នុងខែកញ្ញា ឆ្នាំ២០២៦ ក្នុងម្នាក់ៗចំនួន១២ម៉ឺនរៀល ខុសពីខែមុនៗដែលកាត់ត្រឹម២ម៉ឺន ឬ៣ម៉ឺនរៀល។

ជុំវិញបញ្ហានេះ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានបញ្ជាក់ថា ប្រាក់ចំនួន ១២៦,០០០រៀល គឺជាប្រាក់របបហូបប្រចាំខែរបស់ក្រសួងការពារជាតិ សម្រាប់យោធិនម្នាក់ៗ ដោយមិនបូកបញ្ចូលជាមួយប្រាក់បៀវត្សប្រចាំខែនោះទេ។ កន្លងមក ដោយសារកងទ័ពដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវបានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា ឧបត្ថម្ភក្នុងម្នាក់ចំនួន ៣,០០០រៀលក្នុងមួយថ្ងៃ ទើបអង្គភាពសម្រេចប្រើប្រាស់ថវិកា៣,០០០រៀលនេះ សម្រាប់ជារបបហូបរួមប្រចាំថ្ងៃ។

ដោយឡែក ប្រាក់របបហូប១២៦,០០០រៀលក្នុងម្នាក់ក្នុងមួយខែ ត្រូវបានបូកបញ្ចូលឱ្យយោធិនបើកជាមួយប្រាក់បៀវត្សប្រចាំខែ។ ក្រោយមក មានសំណូមពរពីយោធិនតាមបណ្តាកងឯកភាព សូមយករបបហូប ៤,២០០រៀលក្នុងមួយថ្ងៃ បូកជាមួយរបបហូបបន្ថែមរបស់សម្តេចតេជោ ៣,០០០រៀលក្នុងមួយថ្ងៃ ដើម្បីឱ្យរបបហូបប្រចាំថ្ងៃបានត្រឹមត្រូវតាមរបបកំណត់របស់ថ្នាក់លើ។


ដោយយល់ស្របតាមសំណូមពររបស់យោធិនតាមបណ្តាកងឯកភាព និងស្របតាមគោលការណ៍របបហូបប្រចាំថ្ងៃរបស់ក្រសួងការពារជាតិ អង្គភាពបានសម្រេច មិនបូករបបហូប១២៦,០០០រៀលក្នុងមួយខែ ចូលជាមួយប្រាក់បៀវត្សប្រចាំខែទៀតទេ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៦ តទៅ ដោយប្រាក់របបហូប១២៦,០០០រៀលនេះ ត្រូវយកមកបូកបញ្ចូលជាមួយប្រាក់របបហូបបន្ថែមរបស់សម្តេចតេជោ ៣,០០០រៀលក្នុងមួយថ្ងៃ ដើម្បីប្រើប្រាស់សម្រាប់របបហូបរួមប្រចាំថ្ងៃ។ ជាមួយគ្នាតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ សូមឱ្យសាធារណជនដែលប្រើប្រាស់បណ្តាញព័ត៌មានសង្គម ទាំងអស់មេត្តាជ្រាបនិងកុំមានការយល់ច្រឡុំបន្តទៅទៀត៕

