ភ្នំពេញ៖ ឆ្លើយតបទៅនឹងចំណាត់ការផ្លូវច្បាប់យ៉ាងក្តៅគគុក ពាក់ព័ន្ធនឹងការលួចលាក់ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) ក្នុងស្រទាប់មន្ត្រីអនុវត្តច្បាប់ ក្រសួងមហាផ្ទៃបានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដោយមិនលើកលែង ឬយោគយល់ឡើយ ដើម្បីធានាសុច្ចរិតភាព និងជំនឿទុកចិត្តលើស្ថាប័ន។
លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា៖
«ក្រោយពីការពិនិត្យទៅលើអង្គហេតុ អង្គច្បាប់ និងជាពិសេសរបាយការណ៍ដែលទទួលបានពីមូលដ្ឋាន ពេលនេះអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងរៀបចំនីតិវិធីដើម្បីផ្អាកការងាររបស់គាត់ជាបណ្តោះអាសន្នសិន ដើម្បីបើកផ្លូវឱ្យស្ថាប័នតុលាការចាត់នីតិវិធីបន្តតាមច្បាប់ជាធរមាន»។

កាលពីម្សិលមិញនេះ លោក ផែង វណ្ណៈ (Pheng Vannak) បានចុះផ្សាយលើបណ្ដាញសង្គមឱ្យដឹងថា កាលពីរសៀលថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះឆែកឆេរ និងត្រួតពិនិត្យអគារជួលមួយកន្លែង ស្ថិតនៅកណ្តាលក្រុងប៉ោយប៉ែត ដែលជាកម្មសិទ្ធិរបស់លោកឧត្តមសេនីយ៍ត្រី អ៊ី សុផល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរកឃើញជនជាតិថៃប្រមាណ ១០០ នាក់ កំពុងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលរូបលោកឧត្តមសេនីយ៍ត្រី អ៊ី សុផល ដែលជាម្ចាស់ទីតាំង ក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរតាមនីតិវិធីផងដែរ។

ជុំវិញករណីបង្ក្រាបបោសសម្អាតស្កេមអនឡាញនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយថាមពលរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ និងដាក់ចេញនូវបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការស្រាវជ្រាវ បង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam) គ្រប់ទម្រង់ជាហូរហែ ដោយមិនយោគយល់ចំពោះបុគ្គលណា ឬស្ថាប័នណាមួយឡើយ៕
