«អាគារនេះគឺមានសុភ័ណភាព គួរឱ្យទាក់ទាញជាទីបំផុត មានស្តង់ដារជាការិយាល័យធ្វើការ ហើយមន្ត្រី តាមប៉ុស្តិ៍​ដែលទទួលបាននឹងសប្បាយរីករាយក្នុងការបំពេញភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋ»។ នេះជាការ​លើកឡើង​ប្រកបដោយក្តីសោមនស្សរបស់ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដែលបានសម្តែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម និង​ផែនការសាងសង់អគារប៉ុស្តិ៍នគរបាល​រដ្ឋបាលឡើងវិញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត។

សូមចុចអាន៖ ផ្ទុយពីការមួលបង្កាច់៖ កម្ពុជាគឺជារដ្ឋមានរចនាសម្ព័ន្ធបោសសម្អាតការឆបោកតាមអនឡាញយ៉ាងរឹងមាំ ប្រកបដោយប្រសិទ្ធភាព !

លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា ការកសាងអគារប៉ុស្តិ៍នគរបាលដែលមានស្តង់ដារ មិនត្រឹមតែ​លើកកម្ពស់មុខមាត់ស្ថាប័នអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្ដល់នូវបរិយាកាសធ្វើការងារដ៏សមរម្យ បង្កើតនូវកម្លាំងចិត្ត និងបង្កើនប្រសិទ្ធភាពការងារជូនមន្ត្រីនគរបាលមូលដ្ឋានក្នុងការបម្រើប្រជាពលរដ្ឋឱ្យ​បាន​កាន់តែ​ល្អប្រសើរ។

លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងបន្ថែមថា ក្រៅពីខេត្តកំពត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តមួយ​ចំនួនទៀត ក៏បាន និងកំពុងចុះពិនិត្យ ជួសជុល និងអភិវឌ្ឍន៍អគារប៉ុស្តិ៍នគរបាលជាបន្តបន្ទាប់ផងដែរ។ លោក​បាន​សម្តែងក្តីសង្ឃឹមថា តាមរយៈការអនុវត្តជាជំហានៗ ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅទូទាំងប្រទេសនឹង​កាន់តែ​មាន​ភាពល្អប្រសើរឡើង ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធអគារ ឧបករណ៍សម្ភារៈប្រើប្រាស់ និងការបន្ថែមក្របខ័ណ្ឌ​មន្ត្រីបំពេញ​ការងារនៅមូលដ្ឋាន។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានសង្កត់ធ្ងន់ពីទិសដៅការងារយ៉ាងច្បាស់ៗថា៖

«យើងអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី គឺ “បង្រួមក្បាល ពង្រីកខ្លួន” ដោយពង្រឹង​កម្លាំងនៅជើងក្រោមឱ្យកាន់តែច្រើន ដើម្បីការពារសន្តិសុខ និងបម្រើសេវាជូនប្រជាពលរដ្ឋ!»

ស្នងការខេត្តកំពត បង្ហាញផែនការសាងសង់ជាជំហានៗឆ្លើយតបទៅនឹងផែនការកែលម្អនេះ លោកឧត្តម​សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានមានប្រសាសន៍បញ្ជាក់ថា ស្ថាប័នស្នងការដ្ឋានបាន និង​កំពុងចាប់ផ្តើមត្រួតពិនិត្យ និងរៀបចំធ្វើឡើងវិញនូវអគារប៉ុស្តិ៍នគរបាលរដ្ឋបាល។ លោកបានឱ្យដឹងថា ការងារសាងសង់នេះនឹងត្រូវអនុវត្តជាជំហានៗ ដោយចាប់ផ្តើមដំបូងចេញពីបណ្តាប៉ុស្តិ៍ដែលស្ថិត​នៅតាម​ដងផ្លូវជាតិ និងទីប្រជុំជន ហើយបន្ទាប់មកនឹងបន្តលាតសន្ធឹងទៅដល់បណ្តាប៉ុស្តិ៍​នៅតំបន់ខាងក្នុងៗ​ជា​បន្តបន្ទាប់។   លោកស្នងការបានបន្ថែមទៀតថា ជាមធ្យម ដំណើរការសាងសង់អគារប៉ុស្តិ៍នគរបាល​មួយខ្នងអាច​ប្រើប្រាស់​រយៈពេលប្រមាណ ៣ ខែ ហើយខេត្តនឹងខិតខំជំរុញការងារនេះឱ្យប្រព្រឹត្តទៅជាបន្តបន្ទាប់ រហូត​ទាល់តែ​គ្រប់ប៉ុស្តិ៍នគរបាលទាំងអស់ក្នុងខេត្តទទួលបាននូវទីកន្លែងធ្វើការងារដ៏ត្រឹមត្រូវ និងសមរម្យ។ 

គួររំលឹកផងដែរថា កាលពីថ្ងៃទី​២១ ខែកញ្ញា​ ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារ និង​រូបភាពគំរូប្លង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដើម្បបង្ហាញពីការប្តេជ្ញាចិត្ត​ក្នុងការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការកសាង និងជួសជុលប៉ុស្តិ៍រដ្ឋបាលដែលមានសភាពទ្រុឌទ្រោមឡើងវិញទាំងអស់។

ការចេញផ្សាយផែនការនេះទទួលបានការចុច Like, Share និងចូលទៅ Comment អបអរសាទរ និង​គាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន និងប្រជាពលរដ្ឋនៅលើបណ្តាញសង្គម។ មហាជនបានវាយតម្លៃថា នេះជាជំហានវិជ្ជមានមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃ ដែលតែងតែចាត់ទុក «នគរបាលប៉ុស្តិ៍រដ្ឋបាល» ជាសេនាធិការជួរមុខយ៉ាងសំខាន់ ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភូមិ-ឃុំ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕

Share.